តើវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចថៃអាចរងផលប៉ះពាល់ដែរទេ ប្រសិនការបង្កើតរដ្ឋាភិបាលថ្មីមានការពន្យារពេល?

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមនាយកប្រតិបត្តិជាច្រើន ក្នុងវិស័យអចលនទ្រព្យថៃបានអំពាវនាវឱ្យរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងឱ្យបានលឿន និងដោយរលូន តាមដែលអាចធ្វើទៅបាន និងបានស្នើសុំឱ្យរដ្ឋាភិបាលថ្មី ដំឡើងប្រាក់ឈ្នួលអប្បបរមាជាបណ្តើរៗ ដើម្បីទប់ស្កាត់ការកើនឡើងនៃការចំណាយភ្លាមៗ។

លោក Worawut Kanchanakul ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន W House បានមានប្រសាសន៍ថា “រដ្ឋាភិបាលថ្មីគួរតែដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តិចម្តងៗ។ ដូច្នេះសហគ្រិននឹងអាចទប់ទល់ នឹងការកើនឡើងនៃតម្លៃសំណង់ ហើយរដ្ឋាភិបាល​ថ្មី​គួរ​តែដោះស្រាយ​បញ្ហា​តម្លៃ​រស់នៅ​ជា​មុន​សិន”។

លោក Worawut បានបន្តទៀតថា “ខ្ញុំចង់ឃើញរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងបានយ៉ាងរលូន ដើម្បីទទួលបានទំនុកចិត្តពីបណ្តាអ្នកវិនិយោគក្នុងស្រុក និងបរទេស”។

លោក​រំពឹង​ទុកថា រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បង្កើត​ឡើង​ នៅ​ខែ​សីហាខាងមុខ ប៉ុន្តែ​ប្រសិន​បើ​ប្រើ​ពេល​យូរ​ជាង​នេះ វា​អាច​ជះផល​ប៉ះពាល់​មិនល្អដល់​ការ​ចំណាយ​លើ​អាជីវកម្ម និង​រដ្ឋាភិបាល។

លោក​បាន​ថ្លែង​ទៀតថា​ “ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី ​ត្រូវបានបង្កើតលឿនជាង​នេះ នោះបញ្ហា​ជា​ច្រើន​អាច​នឹងត្រូវ​បាន ​ដោះស្រាយ​បាន​យ៉ាង​ឆាប់​រហ័ស”។

អធិការ​ធនាគារ​លំនៅដ្ឋាន​រដ្ឋ និង​ជានាយក​ស្តីទីនៃមជ្ឈមណ្ឌល​ព័ត៌មាន​អចលនវត្ថុ លោកWichai Wiratkaphan បាន​ថ្លែង​ឲ្យដឹងផងដែរថា “លោក​មាន​ការ​ព្រួយ​បារម្ភ ​អំពី​ការ​ពន្យារ​ពេល​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ដែលវាអាចបង្កជាឧបសគ្គ ដល់ការអនុម័តថវិកាជាតិរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ២០២៤”។

លោក Wichai បានពន្យល់ថា “ការពន្យារពេលក្នុងការអនុម័តថវិការបស់រដ្ឋាភិបាល អាចបង្អាក់វិស័យអចលនទ្រព្យ និងធ្វើឱ្យផលិ​ត​ផលក្នុងស្រុកសរុបរបស់ប្រទេសថៃមានការធ្លាក់ចុះ”។

លោក​បានផ្តល់នូវមតិថា រដ្ឋាភិបាល​ថ្មី​គួរតែពិចារណា​លើឥទ្ធិពល នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​លោកអះអាងថា​ វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​ចំណាយ ​សម្រាប់​សហគ្រិន​តូចតាច និង​កាត់​បន្ថយ​ចំនួន​ការងារ។

ទោះជាយ៉ាងណាក្តី លោកមិនរំពឹងទេថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានឹងជះផលប៉ះពាល់ ដល់វិស័យអចលនទ្រព្យ ដោយសារតែក្រុមអ្នកអភិវឌ្ឍន៍ភាគច្រើន បានបង់ប្រាក់ឱ្យកម្មកររបស់ពួកគេខ្ពស់ជាងប្រាក់ឈ្នួលអប្បបរមាផ្លូវការរួចទៅហើយ។

លោក Peerapong Jaroon-ek ប្រធាន​សមាគម​ខុនដូ​ថៃ​ មានក្តីសង្ឃឹម​ថា ​“រដ្ឋាភិបាល​ថ្មី​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​លឿន​ និង​ដោយរលូន”។

លោក​បន្ថែមថា រដ្ឋាភិបាល​ថ្មី​គួរ​អនុវត្តន៍ ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​បាន​ឆាប់​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជំរុញឲ្យ​សេដ្ឋកិច្ចជាតិអាច​ងើប​ឡើង​វិញ។

លោក Peerapong Jaroon-ek អះអាងទៀតថា លោកចង់​ឲ្យ  ​រដ្ឋាភិបាល​ថ្មី​ បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បណ្តើរបន្តិចម្តងៗ ព្រោះការ​កើន​ឡើង​ភ្លាមៗ ​ពេលវាអាច​បង្ក​ឲ្យ​មាន​អតិផរណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here