ប្រទេសសិង្ហបុរី និងឥណ្ឌាកំពុងប្រែក្លាយជាគោលដៅនាំចេញកំពូល និងប្រភពជំរុញលំហូរ FDI មកកាន់កម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា ប្រទេសសិង្ហបុរី និងឥណ្ឌាបានក្លាយជាគោលដៅនាំចេញកំពូលរបស់កម្ពុជានៅក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៣នេះ។

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងប្រហែល៣៤៥ឆភាគរយចាប់ពីខែមករាដល់ខែមេសាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានកត់ត្រាកំណើនជាង៦០ភាគរយ។  ទិន្នន័យបានបង្ហាញថា ប្រទេសទាំងពីរមានអត្រាកំណើនលឿនបំផុត (ក្នុងការនាំចេញពីកម្ពុជា) ក្នុងចំណោមគោលដៅនាំចេញកំពូលទាំង២០របស់កម្ពុជា។

ទំហំទឹកប្រាក់ពីការនាំចេញទៅកាន់ប្រទេសសិង្ហបុរីបានឈានដល់២២៤លានដុល្លារនៅក្នុងរយៈពេល៤ខែដំបូង ធៀបនឹង៥០លានដុល្លារក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯ ការ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌា​បាន​កើន​ដល់៩១,៥លាន​ដុល្លារ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំបើ​ធៀប​នឹង ៥៥,៧ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន។

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា (ការនាំចេញ និងការនាំចូលរួមគ្នា) មានទំហំទឹកប្រាក់ចំនួន១៥,១៦ពាន់លានដុល្លារ សម្រាប់ខែមករា ដល់ខែមេសា ធ្លាក់ចុះ១៤,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជាដែលមានទំហំទឹកប្រាក់ពាណិជ្ជកម្មចំនួន៣,៨៩ពាន់លានដុល្លារ បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមានទំហំទឹកប្រាក់ចំនួន២,៥២ពាន់លានដុល្លារ ហើយវៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣​របស់​ប្រទេស​កម្ពុជាដែល​មាន​ទំហំទឹកប្រាក់​២,៤៣​ពាន់​លាន​ដុល្លារ​ ប៉ុន្តែអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតទី១របស់កម្ពុជា។

ទន្ទឹមនឹងនោះ សិង្ហបុរីក៏កំពុងក្លាយជាប្រភពដ៏សំខាន់នៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកម្ពុជាផងដែរ។  ថ្មីៗ​នេះ ឥណ្ឌា​ក៏បាន​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ដោយ​បានបញ្ជូន​គណៈប្រតិភូ​ធុរកិច្ច​មកកាន់កម្ពុជាផងដែរ។  ដំណើរ​ទស្សន​កិច្ច​របស់​គណៈប្រតិភូ​ឥណ្ឌា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងជំរុញឱ្យមានការ​កើន​ឡើង​នៃ​លំហូរ FDI ពី​ប្រទេសឥណ្ឌា​មក​កម្ពុជា។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានមានប្រសាសន៍ថា តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងលេចចេញជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចពិភពលោក ហើយអំណាចទិញដែលកំពុងកើនឡើងរបស់ប្រទេសសិង្ហបុរី និងឥណ្ឌា គឺជាហេតុផលសម្រាប់ការកើនឡើងនៃពាណិជ្ជកម្មជាមួយកម្ពុជា។

លោកបន្ថែមថា “IMF និងធនាគារពិភពលោកបានកំណត់តំបន់អាស៊ីប៉ាស៊ីហ្វិកថាជាម៉ាស៊ីនកំណើនសម្រាប់សេដ្ឋកិច្ចពិភពលោក”។

លោកឡោ វិចិត្រ បានចង្អុលបង្ហាញទៀតថា “ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌា កំពុងតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការកើនឡើងនៃវណ្ណៈកណ្តាលនៅក្នុងប្រទេសទាំង២នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here