ដោយ៖ សុខុម
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ថា ទំហំនាំចេញផលិតផលរបស់កម្ពុជា បានឈានដល់៧,២៣ពាន់លានដុល្លារ អំឡុងពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ដោយធ្លាក់ចុះ៤,៩%ពីចំនួន៧,៦ពាន់លានដុល្លារ។
ថ្លែងទៅកាន់កម្មករកម្មការិនីប្រមាណ១៩.០០០នាក់នៅឯតំបន់សេដ្ឋកិច្ចពិសេសមួយជាយរាជធានីភ្នំពេញ សម្ដេចមានប្រសាសន៍ថា “ទំហំនាំចេញរបស់យើងបានឈានដល់៧,២៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដើមឆ្នាំនេះដែលធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
សម្តេចបានគូសបញ្ជាក់ថា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ព្រមទាំងផលិតផលកសិកម្មគឺជាផលិតផលសំខាន់ៗសម្រាប់ការនាំចេញរបស់កម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា គោលដៅនាំចេញកំពូលទាំង៥របស់កម្ពុជា រួមមានសហរដ្ឋអាមេរិក ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ប្រទេសចិន និងប្រទេសជប៉ុន។
របាយការណ៍ដដែលបង្ហាញទៀតថា ផលិតផលនាំចេញសំខាន់ៗរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយជាដើម។
ជាមួយគ្នានេះដែរ កម្ពុជា បាននាំចូលទំនិញសរុបចំនួន៧,៩២ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ដោយធ្លាក់ចុះ២១%បើធៀបនឹង១០,០៤ពាន់លានដុល្លារ។
ទំនិញនាំចូលសំខាន់ៗរួមមាន ប្រេង ឧស្ម័ន វត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ យានយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ផ្សេងៗ៕ Xinhua៕