អភិបាលក្រុងបាងកក ស្នើឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ អនុវត្តឡើងវិញនូវរបបពន្ធចាស់ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋ

0

សុខុម

បាងកក: អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានស្នើឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ អនុវត្តឡើងវិញនូវរបបពន្ធចាស់លើដីធ្លី និងសំណង់ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋបាលមូលដ្ឋាន។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា។

លោក Chadchart Sittipunt បានលើកឡើងពីសង្កាត់ Phaya Thai ដែលសម្បូរដោយផ្សារទំនើបដែលលោកនិយាយថា ប្រាក់ចំណូលពន្ធបានធ្លាក់ចុះពីប្រមាណ៣១០.០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំមកនៅត្រឹម៣១.០០០ដុល្លារអាមេរិកក្រោមច្បាប់ថ្មី។
អភិបាលក្រុងបាងកក រូបនេះលើកឡើងថា ពន្ធលើដីធ្លី និងអគារចាស់ៗប្រមូលបាន១២,៥%នៃការលក់ និងការជួល ប៉ុន្តែប្រាក់ចំណូលបានធ្លាក់ចុះខ្លាំងក្រោមពន្ធថ្មីដែលផ្អែកតែលើតម្លៃដី។

ទោះជា យ៉ាងណា ក្រសួងហិរញ្ញវត្ថុរបស់ថៃ បានច្រានចោលសំណើនេះ ដោយបានលើកឡើងថា ប្រាក់ចំណូលទាបដែលប្រមូលបានពីសង្កាត់ Phaya Thai បានធ្លាក់ចុះក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ គឺដោយសារការបញ្ចុះពន្ធ៩០%ដល់អាជីវកម្មនានាដើម្បីសម្រាលផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។

ប្រភពពីក្រសួងហិរញ្ញវត្ថុបានប្រាប់លោក Chadchart Sittipunt ថា ក្រសួងជឿជាក់ថា ការស្ដារឡើងវិញនូវពន្ធដីធ្លីថ្មីឱ្យបានពេញលេញនឹងធ្វើឱ្យប្រាក់ចំណូលពន្ធលើដីធ្លីក្នុងក្រុងបាងកក កើនឡើងរហូតដល់៤៣៤លានដុល្លារអាមេរិក ដូចដែលខ្លួនធ្លាប់ទទួលបានក្នុងឆ្នាំ២០១៩ ក្រោមរបបពន្ធចាស់។

ប្រភពដដែលបានបន្តថា ក្រសួងហិរញ្ញវត្ថុបានចំណាយពេលជាង១០ឆ្នាំដើម្បីអនុវត្តរបបពន្ធថ្មីនេះដែលមានគោលបំណងជួយរដ្ឋបាលមូលដ្ឋានឱ្យទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថវិកាពីរដ្ឋាភិបាលថ្នាក់កណ្ដាល៕ The Nations៕

LEAVE A REPLY

Please enter your comment!
Please enter your name here