ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters ទៅលើក្រុមអ្នកវិភាគអចលនទ្រព្យបានឱ្យដឹងថា ទស្សនវិស័យសម្រាប់ទីផ្សារលំនៅដ្ឋានសំខាន់ៗភាគច្រើនបានប្រសើរឡើងបន្តិចធៀបនឹង៣ខែមុន ទោះជាមានអត្រាការប្រាក់ខ្ពស់យ៉ាងណាក្តី។
តម្លៃផ្ទះបានកើនឡើងក្នុងល្បឿនដ៏ខ្លាំងមួយនៅទូទាំងបណ្តាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ដែលក្នុងករណីខ្លះកើនជាង៥០ភាគរយ ប៉ុន្តែបានធ្លាក់ចុះកាលពីឆ្នាំមុនដោយចំនួនតិចតួច ខណៈដែលធនាគារកណ្តាលជាច្រើននាំគ្នាដំឡើងអត្រាការប្រាក់។ការស្ទង់មតិរបស់ Reuters ទៅលើអ្នកវិភាគប្រហែល១០០នាក់ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភាដល់ថ្ងៃទី៥ ខែមិថុនាបានបង្ហាញថា តម្លៃផ្ទះនៅសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ អូស្ត្រាលី និងនូវែលសេឡង់ នៅទ្រឹង ឬធ្លាក់ចុះតិចជាងអ្វី ដែលអ្នកវិភាគបានព្យាករណ៍ទុកកាលពីបីខែមុន។ ទស្សនវិស័យត្រូវបានផ្លាស់ប្តូរតិចតួចសម្រាប់ប្រទេសអង់គ្លេស និងនៅក្នុងប្រទេសឥណ្ឌា ដែលតម្លៃបានបន្តកើនឡើង។
អ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បានកត់សម្គាល់ថា “យើងរកឃើញថា ការផ្គត់ផ្គង់លំនៅឋានទាបបំផុត តារាងតុល្យការគ្រួសារកាន់តែរឹងមាំ… និងការគាំទ្រពីកំណើននៃការធ្វើអន្តោប្រវេសន៍ឡើងវិញគឺសុទ្ធតែបានរួមចំណែកដល់ភាពធន់នឹងតម្លៃផ្ទះនាពេលថ្មីៗនេះ”។
លោក Adam Challis នាយកប្រតិបត្តិនៃការស្រាវជ្រាវ និងយុទ្ធសាស្រ្តសម្រាប់ EMEA នៅភ្នាក់ងារ JLL បានលើកឡើងថា ការកើនឡើងប្រាក់ឈ្នួលដ៏ខ្លាំងកាលពីឆ្នាំមុនបានធ្វើឱ្យទីផ្សារលំនៅឋានជាច្រើនមានភាពធន់ ទោះបីជាការចំណាយលើការខ្ចីកើនឡើងខ្ពស់ជាងមុនគួរឱ្យកត់សម្គាល់ក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងហានិភ័យខ្ពស់នៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗនៅឆ្នាំនេះ អ្នកវិភាគ៤៣នាក់ ក្នុងចំណោម៨១នាក់ដែលបានឆ្លើយសំណួរដាច់ដោយឡែកមួយបានអះអាងថា ការធ្លាក់ចុះដ៏ខ្លាំងមួយគឺទំនងជាអាចកើតឡើងសម្រាប់តម្លៃផ្ទះជាជាងការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់។
តម្លៃផ្ទះនៅប្រទេសកាណាដា និងនូវែលសេឡង់ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះប្រហែល៩ភាគរយ និង៨ភាគរយរៀងៗគ្នាសម្រាប់ឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍។ ចំណែកឯ តម្លៃផ្ទះនៅប្រទេសអាឡឺម៉ង់ត្រូវបានគេរំពឹងទុកថានឹងធ្លាក់ចុះ៥,៥ភាគរយ។
តម្លៃផ្ទះនៅអង់គ្លេស និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រហែល៣ភាគរយ ហើយតម្លៃផ្ទះរបស់ប្រទេសអូស្ត្រាលីនឹងនៅទ្រឹងពេញមួយឆ្នាំ២០២៣នេះ។ ប៉ុន្តែ តម្លៃផ្ទះជាមធ្យមត្រូវបានគេរំពឹងថា នឹងកើនឡើងប្រហែល៦ភាគរយនៅក្នុងប្រទេសឥណ្ឌា។
តម្លៃផ្ទះកំពុងហក់ឡើងថ្លៃរួចហើយនៅក្នុងទីផ្សារមួយចំនួន ដែលធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលនានា ក្នុងការទាញអតិផរណាទាំងមូលមកស្ថិតក្រោមការគ្រប់គ្រង៕