ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្ត មួយចំនួនដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ នឹងអាចកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ ខណៈផ្លូវល្បឿនលឿនទី៤ អាចនឹងចេញដំណើរភ្ជាប់ទៅកាន់តំបន់នោះ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីចុះហត្ថលេខាលើការគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត) រួចនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ថា កម្ពុជាអាចនឹងមានផ្លូវល្បឿនលឿនខែ្សរទី៤ បន្ទាប់ទៀតដោយតភ្ជាប់ពីភ្នំពេញទៅតាមបណ្ដាលខេត្តនានា ជុំវិញព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកបញ្ជាក់ថា “បើមាន៣ អាចនឹងមាន៤ហើយ ចឹងខ្ញុំបិទភ្នែកស្រមៃ( ផ្លូវល្បឿនលឿនទី៤) ថាអាចពីភ្នំពេញ ទៅក្រចេះ ទៅស្រុកស្នួល ទៅមណ្ឌលគីរី ទៅសែនមនោរម្យ ចេញទៅកោះញ៉ែក ទៅបាន់ឡុង ហើយត្រឡប់មកស្ទឹងត្រែង ទៅអូរពងមាន់ រួចទៅព្រះវិហារដោយ តមកសៀមរាប រួចត្រឡប់មកភ្នំពេញវិញ”។
លោកស៊ុន ចាន់ថុលបានបន្ថែមថា “គម្រោងរបស់យើងគឺមានផែនការចឹងមែន គឺថាជុំទូទាំងប្រទេសយើង ដោយសារផ្លូវជាតិលេខ៥ ក៏មាន៤គន្លងហើយដែរ។ ចឹងថ្ងៃក្រោយជុំវិញប្រទេសយើង យើងធ្វើដំណើរតាមផ្លូវល្បឿនលឿនរបស់យើង”។
ទោះជាយ៉ាងណា លោកមិនទាន់បញ្ជាក់ឲ្យដឹងថា គំរោងនេះបានចាប់ផ្តើមសិក្សា ឬមិនទាន់បានចាប់ផ្តើម ឬចាប់ផ្តើមសិក្សានៅពេលណាជាក់លាក់នៅឡើយទេ៕