ដោយៈ គង់ សូរិយា
ភ្នំពេញៈ ហានិភ័យពិតជាកើតមាន នៅក្នុងគ្រប់់ផ្នែកនៃមុខជំនួញ ហេតុនេះប្រសិនបើលោកអ្នកកំពុងសម្លឹងមើល ឬចង់វិនិយោគលើវិស័យអចលនទ្រព្យ លោកអ្នកគួរយល់ដឹងពីការឆបោកមួយចំនួន ដែលលោក អ្នកគួរប្រុងប្រយ័ត្នខ្ពស់។
១. មានប្លង់កម្មសិទ្ធចំនួនពីរ
សិទ្ធក្នុងការកាន់កាប់អចលនទ្រព្យមានចំនួនពីរ ដែលពេញនិយមក្នុងការប្រើប្រាស់នៅកម្ពុជាយើង គឺប្លង់រឹង និងប្លង់ទន់ ដែលប្លង់រឹង គឺមានព័ត៌មានលម្អិត ត្រូវបានទទួលស្គាល់និងបញ្ជាក់ ក្នុងកម្រិតជាតិពី ការិយាល័យសុរិយោដី និង ក្រសួងរៀបចំដែនដី ហើយប្លង់ទន់ត្រូវបានផ្តល់ជូនដោយការិយាល័យសង្កាត់ ឬស្រុក និងមិនត្រូវបានចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែប្លង់ទន់ត្រូវបានគេចាត់ទុកជា ឯកសារម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។ចំពោះករណីនេះ ម្ចាស់ដែលមានប្លង់រឹង អាចប្រើប្រាស់ប្លង់ទន់ដែលត្រូវបានច្បាប់និរាករ (លែងឲ្យប្រើតទៅទៀត) យកមកប្រើប្រាស់ ដើម្បីឆបោកដោយប្រគល់ប្លង់ទន់ ទៅអ្នកទិញម្នាក់ និងប្រគល់ប្លង់រឹងឲ្យអ្នកទិញម្នាក់ទៀត។ ដូច្នេះលោកអ្នកគួរស៊ើបអង្កេតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី ក្នុងតំបន់ផ្ទាល់។
ម្យ៉ាងទៀតលោក អ្នកអាចសាកសួរអ្នកជិតខាង ប្រសិនបើពួកគេមានប្លង់រឹង នោះមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹងឲ្យអ្នកនៅតំបន់នោះរួចហើយ។
២. ដីមានទំនាស់
ការបោកប្រាស់នេះ ពាក់ព័ន្ធទៅនឹងអចលនទ្រព្យ ដែលកំពុងមានវិវាទដី។ ដូច្នេះលោកអ្នកគួរសាកសួរអ្នកជិតខាង ឬធ្វើការស្វែងរកប្លង់កាន់កាប់ពី ក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដី ដោយគ្រាន់តែចង់ដឹងថា ដីនោះជាដីកំពុងមានទំនាស់ឬអត់។
៣. ជនក្លែងបន្លំជាម្ចាស់អចលនទ្រព្យ
ករណីនេះច្រើនកើតឡើងនៅលើដីទំនេរ ដូច្នេះលោកអ្នកគួរសាកសួរពីអ្នកជិតខាង ឬប្រធានភូមិ និងស៊ើបប្រវត្តិ របស់ម្ចាស់អចលនទ្រព្យ។ គួរពិនិត្យលើប្លង់កម្មសិទ្ធ ប្រសិនបើម្ចាស់មិនមានប្លង់កម្មសិទ្ធនោះ ឬមានអ្វីមួយមិនប្រក្រតី ត្រូវសួរអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងថា ពួកគេជាម្ចាស់កម្មសិទ្ធពិតប្រាកដ ឬទេ។
៤. អចលនទ្រព្យខូចខាត
វាអាចជាមូលហេតុ ដែលអចលនទ្រព្យមានតម្លៃថោក ដោយសារមានការខូចខាត ដែលមិនអាចមើលឃើញ។ ដូច្នេះអ្នកគួរនាំអ្នកជំនាញ ត្រួតពិនិត្យប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់។
៥. ការបង់ប្រាក់មុនគម្រោង
មានគម្រោងអភិវឌ្ឍន៍ខ្លះ បានផ្សព្វផ្សាយគម្រោងថ្មីរបស់ខ្លួន និងប្រមូលប្រាក់កក់មុន ដោយសន្យាសាងសង់ ទៅតាមគម្រោង ហើយបន្ទាប់មកក៏គេចខ្លួនបាត់។
ករណីនេះលោកអ្នកគួរស៊ើបពីគម្រោង និងម្ចាស់គម្រោងជាមុន ធម្មតាម្ចាស់គម្រោងដែលល្អ មានកេរ្តិ៍ឈ្មោះល្អស្រេចទៅហើយ។ មួយទៀតលោក អ្នកអាចសាកសួរក្រសួងពាក់ព័ន្ធ ក្រសួងរៀបចំដែនដី តើមានការទទួលស្គាល់ និងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍៕សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!