រដ្ឋាភិបាលចិនប្តេជ្ញាបន្ធូរបន្ថយលក្ខខណ្ឌចូលទៅកាន់ទីផ្សារបន្ថែមទៀតសម្រាប់ក្រុមអ្នកវិនិយោគបរទេស

0

ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងបន្តជំរុញឱ្យមានការបន្ធូរបន្ថយក្នុងការចូលប្រើប្រាស់ទីផ្សារសម្រាប់អ្នកវិនិយោគបរទេស ដោយបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញមូលធនបរទេស និងពង្រីកការបើកចំហរសេដ្ឋកិច្ចកម្រិតខ្ពស់។

លោក Zhou Qiang ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធទីផ្សារនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រទេសចិននឹងកាត់បន្ថយបញ្ជីអវិជ្ជមានសម្រាប់ការវិនិយោគបរទេសយ៉ាងសមរម្យ ដើម្បីលុបចោល ឬបន្ធូរបន្ថយការរឹតបន្តឹងលើការចូលទៅកាន់ទីផ្សារ។វានឹងស្របតាមច្បាប់សេដ្ឋកិច្ច និង ពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារខ្ពស់ដើម្បីធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យពាក់ព័ន្ធ និង ជំរុញការបើកចំហជាលំដាប់។

លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “ទីផ្សារដែលយើងកំពុងសាងសង់នឹងក្លាយជាទីផ្សារតម្រង់ទិសជាសកល និងបើកចំហពេញលេញ ដែលនឹងផ្តល់នូវបរិយាកាសល្អប្រសើរ និងជាវេទិកាធំជាងមុនសម្រាប់អង្គភាពទីផ្សារផ្សេងៗ រួមទាំងក្រុមហ៊ុនបរទេស”។

ចំណែកនៅក្នុងជំហានបន្ទាប់ លោកបានមានប្រសាសន៍បញ្ជាក់ថា ប្រទេសចិននឹងជំរុញយ៉ាងសកម្មការកសាងទីផ្សារជាតិបង្រួបបង្រួម(Unified national market) និងបង្កើនខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទាក់ទាញ និងប្រើប្រាស់ទុនបរទេស។

ទន្ទឹមនឹងនេះ ការខិតខំប្រឹងប្រែងបន្ថែមទៀតក៏នឹងត្រូវបានធ្វើឡើងផងដែរ ដើម្បីបម្រើដល់ក្រុមហ៊ុនបរទេសឱ្យកាន់តែប្រសើរឡើង និងបង្កើតបរិយាកាសលំដាប់ពិភពលោកសម្រាប់ការវិនិយោគបរទេស។

លោកបានបន្ថែមថា វិស័យដែលគួរឱ្យចាប់អារម្មណ៍ចំពោះវិនិយោគិនបរទេសជាច្រើនដូចជា លទ្ធកម្មរបស់រដ្ឋាភិបាល ការដេញថ្លៃ និងការបង្កើតស្តង់ដារ នឹងក្លាយទៅជាចំណុចសំខាន់សម្រាប់ការកែលម្អឱ្យប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here