ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញបាន និងកំពុងតាមដានឥរិយាបទរបស់អ្នកវិនិយោគបរទេស ដែលផ្តោតលើវិស័យអចលនវត្ថុ នៅកម្ពុជានាខណៈនេះ។
ស្របពេលនិន្នាការវិបត្តិសេដ្ឋកិច្ចសកល មិនទាន់មានសភាពប្រសើរនៅឡើយ ជានិយាយជារួម និងនិយាយដោយឡែកទីផ្សារកម្ពុជានៅតែស្ងប់ស្ងាត់ អ្នកវិនិយោគអន្តរជាតិបាន និងកំពុងរង់ចាំមើលទីផ្សារ ក្រោយការបោះឆ្នោតសកលនៅថ្ងៃទី២៣ កក្កដាខាងមុខផងដែរ។
អ្នកជំនាញអចលនទ្រព្យលំដាប់អន្តងរជាតិ អ្នកស្រីអាន សុធីតាបានមានប្រសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមថា ទីផ្សារសម្រាប់វិនិយោគិនបរទេស មិនទាន់មានសកម្មភាពជាដុំកំភួនទេ ប៉ុន្តែពួកគាត់មានចំណាប់អារម្មណ៍ចង់វិនិយោគឡើងវិញ។
អ្នកស្រីបន្តថា “ប៉ុន្តែចំណាប់អារម្មណ៍នេះ ត្រុវបានពន្យាពេលដោយសារកម្ពុជាជិតរៀបចំការបោះឆ្នោត ប៉ុន្តែពេលនេះជាឆឱកាសល្អសម្រាប់អ្នកទិញ ដោយសារមានអចលនវត្ថុជាច្រើន បានដាក់លក់ប្រញាប់នៅលើទីផ្សារ”។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុនលំដាប់អន្តរជាតិERA CAMBODIA បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជនបរទេស ដែលចង់វិនិយោគនៅកម្ពុជាមានកំណើនផងដែរ ប៉ុន្តែអ្វីដែលយើងបានមើលឃើញ និងទទួលព៌តមានពីពួកគាត់ គឺពួកគាត់បាននិងកំពុងសិក្សាលើតម្លៃទីផ្សារ។ លោកបន្តថា “ឥឡូវនេះ ពួកគាត់មានចំណាប់អារម្មណ៍ ក្នុងការទិញ ប៉ុន្តែពួកគាត់ចង់ជាន់តម្លៃ ដើម្បីទិញឲ្យបានតម្លៃទាបបំផុតក្នុងទីផ្សារ”។
ចំណែកអ្នកវិនិយោគអន្តរជាតិ ដែលបានវិនិយោគគំរោងដ៏ធំនៅកម្ពុជា លោកបណ្ឌិតBen Liបានមានប្រសសាសន៍ថា បើធៀបជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ ដោយសារសេដ្ឋកិច្ចប្រទេសនេះបានងើបឡើងយ៉ាងលឿន ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ី។ លោកបណ្ឌិតបានបន្តថា “លើសពីនេះកម្ពុជា ក៏មានអត្រាប្រជាជនវ័យក្មេងច្រើន ជាប្រទេសបើកចំហ ដែលអ្នកជំនួញអន្តរជាតិអាចបើកក្រុមហ៊ុន ដោយបោះទុនខ្លួនឯងបាន១០០ភាគរយ និងការលើកទឹកចិត្តជាច្រើនទៀតពីរដ្ឋាភិបាលកម្ពុជា”។ លោកបន្តថា “ចង់វិនិយោគអលនទ្រព្យ គឺអ្នកគួរសម្លឹងមកកាន់កម្ពុជា ដោយសារផលចំណេញពីការវិនិយោគនៅទីនេះ មានខ្ពស់ជាងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់ ”៕