[:km]ដោយវុត្ថា
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ហើយនេះគឺជាឪកាសដ៏ល្អសម្រាប់យុវជន និងអ្នកផ្សេងទៀតចាប់យកឪកាសនេះ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឬចាប់យកមុខចំនួញនានា ឪ្យទទួលបានជោគជ័យ។
លោកឧកញ៉ា លឹម ហេង អគ្គនាយករងក្រុមហ៊ុនអាន ម៉ារ៉ាឌីគ្រុបនិងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពជា បានមានប្រសាសន៍ឲ្យដឹងថា គោលនយោបាយរបស់រដ្ឋាភិបាលនេះ ពិតជាមានសារៈសំខាន់ណាស់នៃអនាគតរបស់យុវជន ក្នុងការប្រកបមុខរបរ ក៏ដូចជាចាប់យកអាជីវកម្មនានា លោកឧទាហរណ៍ថា ក្នុងសម័យប៉ុលពត បើមានឪកាស ទោះខំប្រឹងប្រែងរកស៊ី ក៏មិនមានឬជោគជ័យដែរ។
លោកឧកញ៉ាថា “បើគោលនយោបាយរបស់រដ្ឋាភិបាលល្អហើយ វាជាឪកាសសំរាប់យុវជនគ្រប់រូប ត្រូវចាប់យកមុខជំនាញ ឬមុខរបររៀងខ្លួន”។លោកឧកញ៉ាបន្ថែមថា “នៅពេលយើងចាប់យកឪកាសហ្នឹង យើងក៏ត្រូវមើលដែរ តើជំនាញអ្វីដែលត្រឹមត្រូវពិតប្រាកដ ដោយសំលឹងមើលនៅខាងមុខថា តើមុខរបរហ្នឹងវាអាចរស់បានរយៈពេលដល់កម្រិតណា” ។ លោកលើកឧទាហរណ៍ថា “អ្នកខ្លះឃើញតែចំណេញមួយរយៈ ហើយវាអស់ក៏មានដែរ វាដួលបាត់ ដូច្នេះយើងត្រូវតែសំឡឹងអោយបានឆ្ងាយ“។
លោកឧកញ៉ាលឹម ហេងបានបន្ថែមទៀតថា ការចាប់យកឪកាសនេះ ក៏ត្រូវពឹងលើការព្យាយាម និងគំនិតឆ្លាតវៃរបស់ខ្លួនឯងផងដែរ ដោយលោកឧកញ៉ាលើកឧទាហរណ៍ថា អ្នកលក់ទូរស័ព្ទតូបជាប់គ្នា ឬលក់គុយទាវដូចគ្នា ហេតុអ្វីគេលក់ដាច់ យើងលក់មិនដាច់?គឺវាមិនមែននៅពេលយើងចាប់យក ហើយវាត្រូវទាំងអស់គ្នានោះទេ សំខាន់មនុស្សម្នាក់ត្រូវមានភាពឆ្នៃប្រឌិត និងគំនិតឆ្លាតវៃរបស់ខ្លួនឯង ដោយមិនប្រាកដថាយើងហ្នឹងរៀនខ្ពស់ ហើយចេះច្បាប់នោះទេ យើងប្រាកដជាជោគជ័យនោះទេ”។
លោកបន្តទៀតថា ហេតុនេះនៅពេលចាប់ឪកាសបានហើយ ត្រូវតែបង្កើតឪកាសខ្លួនឯងទើបទទួលបានជោគជ័យ ហើយបើយើងមិនបង្កើតឪកាសទេ យើងធ្វើតែម្នាក់ឯង មិនទទួលបានជោគជ័យទេ។ ការបង្កើតនេះគឺដើម្បីឪ្យអ្នកទៃផ្សេងទៀតបានចូលរួម ទាំងអ្នកនៅក្រោម និងអ្នកនៅលើយើងជាដើម ដែលត្រូវតែពឹងពាក់ទាំងអ្នកជំនួញក្នុងស្រុក និងក្រៅស្រុកដែលមានទុនវិនិយោគជាមួយ។
លោកកឧកញ៉ាលឹម ហេង បានផ្តល់យោបល់ឪ្យយុវជន ឬអ្នកដែលមានបំណងបង្កើតអាជីវកម្មផ្សេងៗ ត្រូវសំឡឹងមើលការវិនិយោគទៅលើវិស័យកសិកម្ម និងឧស្សាហកម្មឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ព្រោះវិស័យនេះ កំពុងមានសក្តានុពលសេដ្ឋកិច្ច និងមិនងាយបរាជ័យ ។ ម្យ៉ាងវាស្របទៅហ្នឹងគោលនយោបាយរបស់រដ្ឋាភិបាល និងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានផលិតកសិកម្មច្រើន ហើយវិស័យនេះ នៅតែមានតម្រូវការជាប្រចាំថ្ងៃ ទោះវិស័យផ្សេងៗដួលរំលំក៏ដោយ កាលណាវិស័យនេះដើរហើយ វិស័យសេវកម្ម និងឧស្សាហកម្មក៏នឹងដើរព្រមគ្នាហើយ៕[:]