រដ្ឋាភិបាលចិនកំពុងពិចារណាចាត់វិធានការបន្ថែមទៀត ដើម្បីជំរុញតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីភ្នាក់ងារព័ត៌មានBloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសចិនកំពុងពិចារណា វិធានការជំរុញសេដ្ឋកិច្ចយ៉ាងតិចរាប់សិបបន្ថែមទៀត ដូចជា ការកាត់បន្ថយអត្រាការប្រាក់ ដើម្បីគាំទ្រ ដល់វិស័យនានាដូចជាអចលនទ្រព្យ និងជម្រុញកំនើនតម្រូវការក្នុងស្រុក។

ការពិចារណាលើកញ្ចប់វិធានការជំរុញ ដ៏ទូលំទូលាយនេះធ្វើឡើង ខណៈដែលសម្ពាធកំពុងកើនឡើង លើរដ្ឋាភិបាលរបស់លោក ស៊ី ជីនពីង ក្នុងការជំរុញសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។នេះបើយោងតាមមនុស្សដែលដឹងអំពីបញ្ហានេះ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច បានដាំក្បាលចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ដោយមានអ្នកអភិវឌ្ឍន៍ជាច្រើនខកខានសងបំណុល ឬសញ្ញាប័ណ្ណ និងការផ្អាកការសាងសង់ គម្រោងលំនៅដ្ឋានដែលបានលក់ទុកជាមុន។

កាលពីសប្តាហ៍មុនកន្លងទៅ សារពត៌មានរដ្ឋចិន Economic Daily បានជំរុញឱ្យមានការអត់ធ្មត់ ខណៈពេលមានការរំពឹងទុករបស់ទីផ្សារនៃវិធានការជំរុញបន្ថែមទៀត សម្រាប់វិស័យនេះ ហើយវិធានការត្រូវការពេលវេលាខ្លះដើម្បីបង្កើតឥទ្ធិពល។

ការស្ទុះងើបឡើងវិញ នៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមានភាពមិនប្រាកដប្រជា ដោយសារការវិនិយោគនៅតែធ្លាក់ចុះ ទោះបីជាការលក់ផ្ទះមានការកើនឡើង នៅក្នុងត្រីមាសទីមួយកន្លងទៅយ៉ាងណាក្តី។

ជាក់ស្តែង ការវិនិយោគលើការអភិវឌ្ឍអចលនទ្រព្យ បានធ្លាក់ចុះ៥,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម២,៦ពាន់ពាន់លានយ័ន(ប្រហែល៣៧៧,៨ពាន់លានដុល្លារអាមេរិក) កាលពីក្នុងត្រីមាសទី១ឆ្នាំនេះ។

ទោះបីជាយ៉ាងនេះក្តី កាលពីពេលថ្មីៗកន្លងទៅនេះ ភាគហ៊ុននៅក្នុងទីផ្សារអចលនទ្រព្យចិនបានហក់ឡើងថ្លៃ  ខណៈអ្នកវិនិយោគមានក្តីសង្ឃឹមថា ទីក្រុងប៉េកាំងនឹងដាក់ចេញនូវវិធានការ គាំទ្របន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញវិស័យអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here