ដោយៈ គង់ សូរិយា
ភ្នំពេញៈ បច្ចុប្បន្ននេះ ការវិវឌ្ឍនៃកោះពេជ្រ បើប្រៀបធៀបទៅនឹងពេលចាប់ផ្តើម គឺកំពុងឆ្ពោះទៅក្លាយជាបរិស្ថាន បែបអន្តរជាតិ និងវប្បធម៌ខ្មែរ។

នេះជាការលើកឡើងរបស់លោកTea Thierry អគ្គនាយករងក្រុមហ៊ុនOCIC Group កាលពីពេលថ្មីៗនេះ។ លោកបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសផ្តាច់មុខ ជាមួយគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា សព្វថ្ងៃនេះ យើងឃើញមានក្រុមហ៊ុនជាង៦០០ ដែលបានប្រតិបត្តិអាជីវកម្មនៅកោះពេជ្រ ដែលមានដូចជា ផ្សារទំនើប ហាងកាហ្វេថ្មីៗ សាលាអន្តរជាតិ មកពីប្រទេសកាណាដាCIS ដែលមានសិស្សរៀនជាង១០០០នាក់ សាលាបារាំងអន្តរជាតិ។លោកបន្តថា ម្យ៉ាងវិញទៀត នៅកោះពេជ្រមានសួនឧទ្យានចំនួន២ ដូចជាសួនដូង Coconut Park និងសួនTreellion។ ដូច្នេះនេះគឺជាកន្លែងមួយដ៏ពិសេស នៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ ដែលមនុស្សអាចនាំគ្នាទៅញុំាកាហ្វេ ដើរលេងដើម្បីសម្រាកធូរស្បើយក្នុងអារម្មណ៍ ហើយយើងបានអភិវឌ្ឍកន្លែង សម្រាប់ដើរលេងតាមមាត់ទន្លេ ខណៈនៅក្នុងអំឡុងពេលកូវីដ មានមនុស្សជាច្រើនបានដើរលេងតាមមាត់ទន្លេរ ដើម្បីរំសាយអារម្មណ៍ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។
លោកបញ្ជាក់ថា “សព្វថ្ងៃនេះ ការដើរលេងតាមសួនមាត់ទន្លេរកាន់តែមានការពេញនិយម ហើយយើងបានបង្កើតផ្សាររាត្រី ដែលអាចទាក់ទាញមនុស្ស ដើរកំសាន្តចំនួន១០.០០០នាក់ នៅពេលចុងសប្តាហ៍”។ លោកបន្តថា “យើងមានកន្លែងជាច្រើន សម្រាប់រៀបចំព្រឹត្តិការណ៍នានាដូចជា ខនសឺត និងកម្មវិធីជាច្រើនផ្សេងទៀត ដែលបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់”។
លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់យើង បានធ្វើពិពិធកម្មក្នុងវិស័យជាច្រើន ក្រៅពីវិស័យអចលនទ្រព្យ ដូចជា ការអប់រំ និងបានបោះទុនវិនិយោគ ទៅលើការថែទាំសុខភាព ដូចជាការបង្កើត Olympia Medical Hub និងIntercare Medical Center ហើយយើងក៏វិនិយោគទៅលើបដិសណ្ឋារកិច្ច និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាដូចជាស្ពាន ផ្លូវ និង គម្រោងជាច្រើនទៀត៕