ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Garry Yau នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅប្រទេសចិនដីគោក តែងតែចង់វិនិយោគទៅលើផ្ទះល្វែងផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែទីផ្សារភាគច្រើនក្នុងតំបន់ បានធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល។
ទោះជាយ៉ាងណាក្តី ឱកាសមួយបានកើតមានឡើង នៅពេលដែលលោកបានរកឃើញថា ជាមួយការចំណាយប្រាក់ប្រហែល២,២៩លានដុល្លារហុងកុង (២៩២.០០០ដុល្លារអាមេរិក) គាត់អាចទិញយូនីតលំនៅដ្ឋានចំនួន៣ នៅក្នុងតំបន់ទីក្រុងពេញនិយមចំនួន២នៅក្នុងប្រទេសហ្វីលីពីន ដែលបានបំពេញតាមតម្រូវការវិនិយោគរបស់គាត់។ឥឡូវនេះគាត់ និងប្រពន្ធរបស់គាត់ គឺជាម្ចាស់យូនីតចំនួនពីរនៅ Avida Towers Asten ក្នុងទីក្រុងMakati ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន និងមួយយូនីតទៀតនៅ Avida Towers Riala ក្នុងទីក្រុងCebu ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។
លោក Yau ដែលបានទិញផ្ទះល្វែងនៅក្រុង Johor Bahru ក្នុងប្រទេសម៉ាឡេស៊ី ក្នុងតម្លៃ១,៥លានរីងហ្គីត (៣២២.០០០ដុល្លារអាមេរិក) ក្នុងឆ្នាំ២០២២ បានប្រាប់កាសែត South China Morning Post ថា “ខ្ញុំគិតថា មានសក្តានុពលល្អ នៅក្នុងប្រទេសហ្វីលីពីន ខណៈចំនួនទឹកប្រាក់ក្នុងការវិនិយោគ នៅហ្វីលីពីនគឺមានតម្លៃថោកជាង បើធៀបនឹងទីក្រុងកំពូលៗផ្សេងទៀតក្នុងតំបន់”។ទំនុកចិត្តរបស់លោក Yau ត្រូវបានជំរុញដោយការព្យាករណ៍កំណើន និងដំណើរការរបស់សេដ្ឋកិច្ចហ្វីលីពីននាពេលថ្មីៗនេះ។ យោងតាមការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចហ្វីលីពីន នឹងកើនឡើង៦ភាគរយនៅឆ្នាំ២០២៣នេះ និង៦,២ភាគរយនៅឆ្នាំ២០២៤ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតទីពីរ នៅក្នុងតំបន់ បន្ទាប់ពីប្រទេសវៀតណាម។
ពលរដ្ឋហុងកុងជាច្រើន ស្ថិតក្នុងចំណោមអ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ ដែលងាកទៅរកទីផ្សារថ្មី បន្ទាប់ពីការកើនឡើងអត្រាការប្រាក់នៅក្នុងទីក្រុង ក៏ដូចជា ការលក់ផ្ទះធ្លាក់ចុះ ដែលបានធ្វើឱ្យការវិនិយោគ នៅក្នុងស្រុកមិនសូវមានភាពទាក់ទាញ។
ទន្ទឹមគ្នានេះ លោក Yau មិនមែនជាជនជាតិហុងកុងតែម្នាក់គត់ ដែលកំពុងស្វែងរកតម្លៃ នៅក្នុងទីផ្សារអចលនទ្រព្យហ្វីលីពីននោះទេ។ ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍមួយ ដែលមានមូលដ្ឋាននៅទីក្រុង Makati ប្រទេសហ្វីលីពីនបានរាយការណ៍ថា យូនីតដែលលក់ទៅឱ្យពលរដ្ឋហុងកុង គិតចាប់ពីដើមឆ្នាំនេះរហូតដល់បច្ចុប្បន្ន មានចំនួនច្រើនជាងមុន៦ដង នៃចំនួនសរុបប្រចាំឆ្នាំ២០២២កន្លងទៅ៕