ដោយៈ សុខុម
បាងកក: ការវិនិយោគបរទេសនៅប្រទេសថៃនៅមានកម្រិត បើធៀបនឹងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ដូចជា វៀតណាម និងម៉ាឡេស៊ី ដែលបានងើបឡើងវិញលឿនជាងគេ ចាប់តាំងពីវិបត្តិកូវីដ-១៩។ នេះបើតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៦ ខែមិថុនា។
សូម្បីសន្និបាតសហគ្រិនចិនទូទាំងពិភពលោក (World Chinese Entrepreneurs Convention) លើកទី១៦ ដែលរៀបចំឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា បង្ហាញថា ការវិនិយោគពីបណ្ដាក្រុមហ៊ុន សហគ្រាសបរទេស នៅក្នុងប្រទេសថៃ មានតិចតួចណាស់។
វិបត្តិកូវីដ-១៩ បានធ្វើឱ្យដាំក្បាលចុះយ៉ាងខ្លាំង នូវពាណិជ្ជកម្ម និងការវិនិយោគទូទាំងពិភពលោក រួមទាំងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសថៃផងដែរ។
ខណៈពិភពលោកងើបឡើងវិញ ប្រទេសថៃនៅពេលនេះកំពុងប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគ ពីបណ្ដាក្រុមហ៊ុនពហុជាតិសាស្ត្រ ក្នុងវិស័យបច្ចេកវិទ្យា ហើយជាលទ្ធផលបង្ហាញថា ប្រទេសថៃកំពុងតែចាញ់ការប្រកួតប្រជែងនេះ។
សូម្បីអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩ បណ្ដាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន បានបន្តទាក់ទាញការវិនិយោគយ៉ាងរឹងមាំ។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung បានសម្រេចចិត្តបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅប្រទេសវៀតណាម បន្ទាប់ពីការចរចាគ្នារយៈពេលយ៉ាងយូរ ដើម្បីជម្រះរាល់ឧបសគ្គដែលរាំងស្ទះ។
ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានប្រកាសកាលពីខែធ្នូ ថា ខ្លួននឹងបង្កើនការវិនិយោគសរុបរបស់ខ្លួន លើការផលិតទូរស័ព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកពី១៨ពាន់លានដុល្លារអាមេរិក ទៅ២០ពាន់លានដុល្លារអាមេរិក។
និយាយពីប្រទេសម៉ាឡេស៊ីវិញ ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ខ្លួនកាលពីឆ្នាំមុនបានឈាន ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលមានទំហំទឹកប្រាក់រហូតដល់១៥,៩១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ទោះបីជាជួបស្ថានភាពកូវីដ-១៩ យ៉ាងណាក្ដី។
សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្រៅប្រទេសម៉ាឡេស៊ី (Malaysia External Trade Development Corporation) បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ី មានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេបំផុតក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាទីផ្សារឈានមុខគេសម្រាប់ការវិនិយោគ។
កត្តាទាំងនេះបង្ហាញថា សេដ្ឋកិច្ចម៉ាឡេស៊ី កំពុងងើបឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។សន្និបាតសហគ្រិនចិនទូទាំងពិភពលោកលើកទី១៦ ដែលបានប្រារពធ្វើនៅទីក្រុងបាងកក ត្រូវបានរៀបចំឡើងដោយផ្នែកឯកជនដែលតំណាងដោយសភាពាណិជ្ជកម្មថៃ -ចិន ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនសហគ្រាសចិន ទូទាំងពិភពលោក។ សន្និបាតនេះគឺជាឱកាសដ៏មានសារៈសំខាន់ ស្របពេលប្រទេសទាំងពីរធ្វើឱ្យប្រតិបត្តិការនានាវិលទៅរកសភាពធម្មតាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។
ទោះជាយ៉ាងណា វាជាការសោកស្តាយដែលព្រឹត្តិការណ៍បែបនេះ បានធ្វើឡើងអំឡុងពេលប្រទេសថៃ កំពុងជាប់គាំងនយោបាយ ដោយដំណើរការនៃបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភា កំពុងរអាក់រអូល និងមិនទាន់បញ្ចប់នៅឡើយ៕ The Nation៕