ផ្ទះនៅទីក្រុងសៀងហៃប្រមាណ២០ម៉ឺនខ្នងបានដាក់លក់បញ្ចុះតម្លៃ ខណៈទីផ្សារអចលនទ្រព្យចិនកំពុងដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាម្ចាស់ផ្ទះនានា នៅក្នុងទីក្រុងសៀងហៃ កំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់១០ភាគរយ ដើម្បីទាក់ទាញអ្នកទិញ ស្រ​ប​ពេលទីផ្សារអចលនទ្រព្យចុះទន់ខ្សោយ និងការបន្ទាបការព្យាករសម្រាប់កំណើនសេដ្ឋកិច្ច។

ការរីកដុះដាលនៃការលក់ផ្ទះ នៅទីក្រុងសៀងហៃហួសប្រមា​ណ ដែលអាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះបន្ថែមទៀត គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងជាប់គាំង នៅក្នុងអ្វីដែលអ្នកជំនាញមួយចំនួន ហៅថា“Death spiral”

លោក Song Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅភ្នាក់ងារអចលនទ្រព្យ Lianjia បានលើកឡើងថា “ម្ចាស់ផ្ទះកាន់តែច្រើនបានសម្រេចចិត្តដកប្រាក់ចេញ ពីព្រោះពួកគេកំពុងភ្នាល់ថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ ដោយម្ចាស់ផ្ទះមួយចំនួនបានរៀបចំផែនការ ធ្វើចំណាកស្រុកទៅបរទេស ហើយពួកគេសប្បាយចិត្តនឹងតម្លៃបច្ចុប្បន្ន ទោះបីជាត្រូវលក់បញ្ចុះតម្លៃយ៉ាងណាក្តី”

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Centaline Property បានឱ្យដឹងថា ផ្ទះល្វែងដែលត្រូវបានកាន់កាប់ជាមុន(pre-owned flats)ប្រហែល២០០.០០០ខ្នង នៅទីក្រុងសៀងហៃ ត្រូវបានដាក់លក់នៅចុងខែមេសា កើនឡើងពីប្រហែល១០០.០០០ខ្នង នៅពាក់កណ្តាលខែមីនា។

យោងតាមលោក Tan Taipeng អ្នកគ្រប់គ្រងមួយរូបរបស់ទីភ្នាក់ងារអចលនទ្រព្យ 5I5J បានអះអាងថា ការកើនឡើងយ៉ាងខ្លាំងនៃចំនួនផ្ទះ ដែលមានស្រាប់នេះ បានប្រែក្លាយទីផ្សារបន្ទាប់បន្សំទៅជាទីផ្សាររបស់អ្នកទិញ។

លោក​បាន​បន្ត​ថា​ “វា​មិន​ធម្មតា​ទេ​ ដែល​អ្នក​ទិញ​ស្នើ​ឱ្យ​អ្នក​លក់​បញ្ចុះ​តម្លៃ​ពី ១០ទៅ១៥ភាគរយ​ ព្រោះ​ឥឡូវ​នេះ​ ពួកគេ​មាន​ជម្រើស​ច្រើន​​ ហើយនេះគឺជាទិដ្ឋភាពដ៏កម្រមួយ នៅក្នុងទីផ្សារផ្ទះរបស់ទីក្រុងសៀងហៃ ដែលការផ្គត់ផ្គង់ផ្ទះប្រើប្រាស់រួចនៅមានកម្រិត”

លោកបញ្ជាក់ទៀតថា ទោះជាយ៉ាងណាក្តី  អ្នកលក់ភាគច្រើននៅតែទទួលបានផលចំណេញ ពីការវិនិយោគដប់ដង ឬច្រើនជាងនេះ ទោះបីជាពួកគេបញ្ចុះតម្លៃផ្ទះអស់១០ភាគរយយ៉ាងណាក្តី”

យោងតាមក្រុមហ៊ុន Centaline បានឱ្យដឹងថា ផ្ទះដែលត្រូវបានកាន់កាប់ជាមុន សរុបចំនួន២៤.០០០យូនីត បានផ្លាស់ប្តូរម្ចាស់នៅក្នុងខែមីនា តាមពីក្រោយដោយ១៧.៧០០យូនីត នៅក្នុងខែមេសាកន្លងទៅ។ ចំណែក ប្រតិបត្តិការនៅក្នុងខែឧសភា បានធ្លាក់ចុះ១៣,៣ភាគរយទៀត មកនៅត្រឹមតែ១៥.៣០០យូនីតប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here