ដោយៈ ជេស៊ីកា
សៀមរាបៈ ផ្ទះលំហែរ កន្លែងបោះតង់ ហាងកាហ្វេ ទីលានបាល់ទាត់ ដើមឈើធំៗត្រូវបានដាំ នៅក្នុងគំរោងបំពេញរាជ ដែលបាននិងកំពុងលើកកំពស់សក្តានុពលទេសចរណ៍ និងការអភិវឌ្ឍនៅក្រុងស្រុកបន្ទាយស្រីខេត្តសៀមរាប។
គំរោងអភិវឌ្ឍន៍នេះ ស្ថិតនៅលើផ្ទៃដីជាង៣០០ហិកតា ដែលបាននិងកំពុងអភិវឌ្ឍន៍ ដោយអ្នកវិនិយោគក្នុងស្រុក ដែលមានគោលដៅគាំទ្រ គោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងខេត្តសៀមរាប ក៏ដូចជា លើកកំពស់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក្នុងខេត្តដ៏ល្បីល្បាញនេះផងដែរ។លោកម៉េត មករា ម្ចាស់គំរោងបំពេញរាជបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃច័ន្ទ ទី១០ មករាកន្លងមកថា ក្រៅពីសាងសង់ផ្ទះលំហែរ រមណីយដ្ឋានលំហែរកាយ កន្លែងបង្ហាញពីសិល្បៈវប្បធ៌មជាតិ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គំរោងនេះ ក៏បាននិងកំពុងចូលរួមលើកស្ទួយវិស័យកីឡាជាតិ ដែលក្រុមហ៊ុននេះ បាននិងកំពុងសាងសង់ស្តាតចំនួន៣ ក្នុងនោះស្តាតមួយមានសមត្ថភាព អាចផ្ទុកអ្នកទស្សនាចំនួន៤៣០០នាក់ សម្រាប់ជាទីតាំងហាត់សមកីឡាករ ដែលគំរោងនេះ នឹងបញ្ចប់ការសាងសង់ នៅខែមេសាខាងមុខនេះ។
លោកបន្តថា លើសពីនេះ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ អ្នកអភិវឌ្ឍន៍គំរោង “បំពេញរាជ” នឹងសាងសង់ស្តាតថ្មីមួយទៀតតាមស្តង់ដាអន្តរជាតិ ដែលអាចផ្ទុកអ្នកទស្សនា បានចំនួនរហូតដក់២៥,០០០នាក់ ដែលជាតំណាងឲ្យមុខមាត់ និងលើកកំពស់កិត្យានុភាពខេត្តសៀមរាបទាំងមូល។លោកម៉េត មករាបានបន្តទៀតថា “បំពេញរាជ” បាននិងកំពុងលក់ដីលំហែរមួយចំនួន រៀបចំសាងសង់ផ្ទះអាជីវកម្ម រៀបចំរមណីយដ្ឋាន និងសេវាកម្មបំរើសេវាកំសាន្ត និងស្នាក់នៅតាមស្តង់ដាអន្តរជាតិជាច្រើនទៀត។គំរោងនេះ បានទទួលការគាំទ្រពីអភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកទៀ សីហា ដែលលោកតែងតែបានគាំទ្រដល់ការអភិវឌ្ឍន៍របស់វិស័យឯកជន ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅមូលដ្ឋានផងដែរ។
ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានក្លាយជាស្រុកដ៏លេចធ្លោមួយក្នុងខេត្តសៀមរាប បន្ទាប់ពីការដឹកនាំរបស់លោកឃឹម ហ្វីណង់អតីតអភិបាលស្រុកនេះ ដែលបច្ចុប្បន្នលោកបានផ្លាស់ប្តូរតួនាទី មកជាអភិបាលរងខេត្តសៀមរាប ខណៈអភិបាលស្រុកថ្មី ក៏ជាបុគ្គលមានឆន្ទៈមោះមុត ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍សក្តានុពល និងទាញយកសក្តានុពល ដែលមានស្រាប់មកប្រើប្រាស់ ឲ្យកាន់តែមានប្រសិទ្ឋភាព និងផ្តល់ប្រាក់ចំណូល ដើម្បីបង្កើនមូលដ្ឋានសេដ្ឋកិច្ចដល់ស្រុកនេះផងដែរ។
លោកម៉េត មករាបានបន្តថា រហូតមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ឋនានា ក្នុងគំរោងនេះបានបញ្ចប់បណ្តើរៗ ស្របពេលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានមកកំសាន្តជាហូរហែរ ដោយពួកគេអាចមកអង្គុយញាំកាហ្វេ បោះតង់សំរាកលំហែរ ជិះទូកកាយ៉ាក់ ស្ទូចត្រី និងមើលដើមឈើធំៗរាប់រយដើម ដែលយើងបានដាំ ដើម្បីបង្ហាញពីសក្តានុពលគំរោងនេះ ក៏ដូចជា បង្ហាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកសិក្សាស្វែងយល់ ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។
ជាមួយគ្នានេះ លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានស្វាគមន៍ការអភិវឌ្ឍគំរោងបែបនេះ ដោយសារក្រៅពីប្រាសាទបុរាណ កម្ពុជាត្រូវការការវិនិយោគពីវិស័យឯកជន ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានកែច្នៃ កាន់តែច្រើនថែមទៀត ធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ អាចកំសាន្តបានច្រើន និងចំណាយពេលស្នាក់នៅកម្ពុជាកាន់តែយូរជាងមុន។លោកបន្តថា “គោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន គឺចង់បានភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាច្រើន និងស្នាក់នៅកាន់តែយូរ ដើម្បីពួកគេចំណាយប្រាក់ច្រើននៅទីនេះ”៕