ដោយៈ តែម សុខុម
ប៉ារីស: បន្ទាប់ពីការរាំងស្ទះជាច្រើនលើក ដោយសារភាពតានតឹងផ្នែកនយោបាយ ទីបំផុតការងារសាងសង់បានចាប់ផ្ដើមដំណើរការហើយ។
គម្រោងព្រែកជីក Seine-Nord Europe Canal (SNEC) នេះគ្រោងនឹងចំណាយប្រាក់៥,៥ពាន់លានដុល្លារ ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាកស្ទះ នូវផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ទ្វីបអឺរ៉ុប។
គម្រោងព្រែកជីកប្រវែង១០៧គីឡូម៉ែត្រនេះ នឹងតភ្ជាប់ទន្លេ Oise River និងព្រែកជីក Dunkirk-Escaut Canal ដោយបង្កើតបានជាបណ្តាញផ្លូវទឹក ដែលមានសមត្ថភាព ដឹកជញ្ជូនទំនិញយ៉ាងច្រើនរវាងទីក្រុងប៉ារីស នៃប្រទេសបារាំង ប្រទេសបែលហ្ស៊ិក ប្រទេសហូឡង់ និងប្រទេសលុចសំបួរ ដែលបច្ចុប្បន្នការដឹកជញ្ជូនទំនិញធ្វើឡើងតាមផ្លូវគោក ដែលមានការកកស្ទះចរាចរណ៍។យោងតាមផែនការដែលបានគ្រោងទុក ព្រែកជីកនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០។ព្រែកជីកនេះ នឹងមានសមត្ថភាពទទួលកប៉ាល់ ដែលមានទម្ងន់រហូតដល់ទៅ៤.៤០០តោន ដែលស្មើនឹងរថយន្តដឹកទំនិញធុនធំ២២០គ្រឿង។
ក្រុមហ៊ុនឌីហ្សាញ និងវិស្វកម្ម Arcadis ដែលបានពិគ្រោះយោបល់លើគម្រោងនេះអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក អាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិច តិចជាងលើផ្លូវថ្នល់ដល់ទៅ៣ដង ហើយព្រែកជីកនេះនៅពេលដំណើរការ អាចកាត់បន្ថយរថយន្តដឹកទំនិញបានចំនួន៧៦០.០០០គ្រឿង ចេញពីផ្លូវថ្នល់ជារៀងរាល់ឆ្នាំ៕ CNN៕