ដោយ: គង់ លាងហួរ
ភ្នំពេញ: អគ្គនាយកក្រុមហ៊ុន Lucky Realty Co.,Ltd លោកឌិត ចណ្ណាបានមានប្រសាសន៍ថា មុននឹងទិញ ឬលក់អចលនទ្រព្យ យើងត្រូវពិនិត្យមើលទៅលើម្ចាស់ទ្រព្យ ឯកសារ របៀបនៃការទិញ និងអ្នកទិញ។
លោកបានបន្តថា “យើងត្រូវសិក្សាថា តើអ្នកទិញនោះជាអ្នកទិញប្រភេទណា?។ ដូច្នេះហើយ មុននឹងយើងនាំអតិថិជន ទៅទិញអចលនទ្រព្យណាមួយ យើងក៏ត្រូវសិក្សាអំពីប្រវត្តិ របស់ពួកគេផងដែរ និងត្រូវដឹងថាតើ ពួកគេជាអតិថិជនប្រភេទណា?”។
លោកឌិត ចណ្ណាអះអាងទៀតថា ការសិក្សាអំពីប្រវត្តិ និងរបៀបនៃការរកស៊ីរបស់អតិថិជន គឺមានសារៈសំខាន់ណាស់ មិនថាតែអតិថិជនជាជនជាតិខ្មែរ ឬជាជនបរទេសនោះទេ ព្រោះយើងបានមើលឃើញថា មួយរយៈពេលកន្លងមកនេះ ក៏មានជនបរទេសជាច្រើនបានចូលមកទិញអចលនទ្រព្យនៅប្រទេសកម្ពុជាផងដែរ។
ទន្ទឹមគ្នានេះដែរ យើងត្រូវពិនិត្យមើលទៅលើ ប្រភេទម្ចាស់ទ្រព្យផងដែរ។ តើកន្លងមក ម្ចាស់ទ្រព្យនោះឧស្សាហ៍ យកដីរបស់គាត់មួយកន្លែងមក Copy ប្លង់ ដើម្បីដើរទទួលយកប្រាក់កក់ពីគេ ឬយ៉ាងម៉េច? ដូច្នេះ យើងត្រូវចេះប្រុងប្រយ័ត្នចំពោះចំណុចនេះ។លោកបន្ថែមថា“យើងជាអ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យ យើងតែងចង់បានអត្ថប្រយោជន៍មួយចំនួន ក្នុងន័យសមស្រប និងស្របច្បាប់ ប៉ុន្តែប្រសិនបើយើងមិនបានប្រុងប្រយ័ត្នទេនោះ យើងអាចប៉ះជាមួយម្ចាស់ទ្រព្យមួយចំនួនដែលមិនល្អ”។ ម្ចាស់ទ្រព្យខូចខិលមួយចំនួន បានយកប្លង់ Copy ដើម្បីដើរទទួលប្រាក់កក់ ពីអតិថិជនម្នាក់ទៅកាន់អតិថិជនម្នាក់ទៀត។
លោកឌិត ចណ្ណាបានបញ្ជាក់ថា ក្នុងនាមជាអ្នកអចលនទ្រព្យដែលមានអាជីព និងជំនាញច្បាស់លាស់ យើងត្រូវការពារទាំងអតិថិជន និងម្ចាស់ទ្រព្យ។ ដូច្នេះ មុននឹងកក់ប្រាក់ យើងត្រូវសុំមើលប្លង់ដើមជាមុនសិន និងត្រូវពិនិត្យថាតើ ប្លង់នោះជាឈ្មោះរបស់ម្ចាស់ទ្រព្យនោះពិតប្រាកដឬក៏យ៉ាងណា ហើយយើងត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណដើមជាមួយប្លង់ច្បាប់ដើមផងដែរ។បន្ថែមពីនេះ ក្នុងនាមជាអ្នកជំនាញអចលនទ្រព្យ យើងត្រូវជួយដោះស្រាយបញ្ហាទាំងខាងម្ចាស់ទ្រព្យ និងអតិថិជន ដោយមិនលំអៀងទៅខាងម្ចាស់ ឬអតិថិជននោះទេ ពោលគឺធ្វើជាអ្នកឈរនៅកណ្តាលរវាងភាគីទាំង២។លោកបញ្ជាក់ទៀតថា “ម្យ៉ាងវិញទៀត មុននឹងឱ្យអតិថិជនកក់ប្រាក់ យើងត្រូវតែនាំអតិថិជន ទៅដល់ទីតាំងដីនោះ ហើយត្រូវឱ្យម្ចាស់ ឬតំណាងរបស់ម្ចាស់ទ្រព្យ ចង្អុលប្រាប់អំពីទីតាំងព្រំដីឱ្យបានច្បាស់លាស់”។លើសពីនេះ ទាក់ទិនទៅនឹងកិច្ចសន្យាទិញ លក់ អចលនទ្រព្យ យើងក៏ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នចំពោះឯកសារបែបបទតាមផ្លូវច្បាប់ផងដែរ។
សរុបជារួមមកវិញ យើងត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ នូវគ្រប់ចំណុចទាំងអស់ ហើយយើងត្រូវមានទំនុកចិត្ត លើខ្លួនឯងថា ករណីខាងម្ចាស់ទ្រព្យ និងករណីខាងអតិថិជន មានសុវត្ថិភាពរួចរាល់ ហើយឯកសារបបែបបទផ្លូវច្បាប់ ក៏មានសុវត្ថិភាពផងដែរ មុននឹងធ្វើការសម្រេចចិត្ត៕