ដោយៈ តែម សុខុម
ក្រុង LIMASSOL: កាស៊ីណូដ៏ធំបំផុតនៅអឺរ៉ុប បានបើកដំណើរការក្នុងប្រទេសសាយប្រឺស(Cyprus) ដែលជាប្រទេសដែនកោះនៅសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ដោយអាជ្ញាធរសង្ឃឹមថា វានឹងទាក់ទាញភ្ញៀវទេសចរអ្នកមានបាន៣០០.០០០នាក់ក្នុងមួយឆ្នាំៗ។
កាស៊ីណូដែលមានឈ្មោះថាCity of Dreams Mediterranean ខាងលើនេះ គឺជាគំនិតរបស់ក្រុមហ៊ុនល្បែងស៊ីសង Melco ដែលមូលដ្ឋាននៅទីក្រុងហុងកុង។
លោក Lawrence Ho នាយកប្រតិបត្តិក្រុមហ៊ុននេះនិយាយថា លោកបាននឹកឃើញគំនិតសាងសង់ កាស៊ីណូនេះជាលើកដំបូង នៅពេលលោក ទៅចូលរួមពិធីមង្គលការមួយ នៅក្នុងប្រទេសសាយប្រឺសកាលពី១៦ ឆ្នាំមុន។កាស៊ីណូនេះ ដែលស្ថិតនៅក្នុងទីក្រុង ឆ្នេរភាគខាងត្បូង Limassol នេះបានចំណាយពេល៣ឆ្នាំ ក្នុងការសាងសង់ដោយចំណាយអស់ទឹកប្រាក់ ប្រមាណ៧០០លានដុល្លារអាមេរិក ហើយបច្ចុប្បន្នមានបុគ្គលិកចំនួន២.០០០នាក់។
កាស៊ីណូនេះត្រូវបានចាត់ទុកជា “ចំណុចទាក់ទាញដ៏សំខាន់” សម្រាប់វិស័យទេសចរណ៍ ក្នុងប្រទេសនេះ ដែលនឹងទាក់ទាញភ្ញៀវទេសចរអ្នកមាន ដែលមកពីប្រទេសអ៊ីស្រាអែល អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាជាដើម៕ AFP៕