ទីផ្សារអចលនទ្រព្យនៅក្រុងបាវិតចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗ ក្រោយពេលផ្លូវល្បឿនលឿនសាងសង់

0

ដោយៈ គង់ សូរិយា

        ស្វាយរៀងៈ ស្របពេលផ្លូវល្បឿនលឿន បានបើកការដ្ឋាន​សាងសង់ ទីផ្សារអចលនទ្រព្យនៅក្រុងបាវិត បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗ។ជាទីក្រុងមួយស្ថិត ក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សា​ហកម្មឆ្នាំ២០២៥ ២០២៥ ជាមួយទីក្រុង២ទៀត ក្រុងបាវិតបានទាក់ទាញការវិនិយោគ លើវិស័យឧស្សាហកម្ម កាស៊ីណូ និងសំណង់លំនៅដ្ឋាននានាផងដែរ។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co,Ltdបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី១២ កក្កដា ក្នុងដំណើរមកពីសិក្សាស្វែងយល់ ពីសក្តានុពលក្រុងបាវិតថា ទីផ្សារអចលនទ្រព្យក្នុងក្រុងបាវិត ចាប់ផ្តើមមានសញ្ញាប្រសើរឡើង ប៉ុន្តែមិនទាន់មានភាពសកម្មនៅឡើយទេ ធៀបនឹងក្រុងប៉ោយប៉ែតដែលមានសភាពមមាញឹកជាង។  លោកស្រីបន្តថា “ខ្ញុំទទួលបានព៌តមានថា អ្នកវិនិយោគចិននឹងចាប់ផ្តើមសកម្មភាពរបស់ពួកគេ និងចាប់ផ្តើមចូលមកកម្ពុជាកាន់តែច្រើនក្រោយការបោះឆ្នោត”។ លោកស្រីបន្តថា “ទោះជាយ៉ាងណាប្រសិនជាមានបញ្ហាពិភពលោក ធ្ងន់ធ្ងរណាមួយកើតមានឡើង យើង​ពិតជាមិនអាចព្យាករណ៍បាននោះទេ”

លោកស្រីតាំង ហួរបានបន្តថា ស្ថានភាពទីផ្សារអចលនទ្រព្យមានភាពប្រសើរនៅតាមតំបន់ជាយក្រុង ដោយសកម្មភាពទិញលក់​នៅតែកើតមាន ហើយយើងរំពឹងថា អ្វីៗនឹងប្រសើរឡើងនៅក្រោយការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មី”។

ជាមួយគ្នានេះ លោកទេព បញ្ញានាយកប្រតិបត្តិក្រុមហ៊ុនElites Estate Co, Ltdបានលើកឡើងផងដែរថា ច្បាស់ណាស់ក្រុងបាវិតនឹងបន្តរីកចម្រើន និងទាក់ទាញការវិនិយោគនាពេលអនាគត បន្ថែមទៀត ដោយសារតែទីតាំងភូមិសាស្រ្តអំណោយផល ការវិនិយោគហេដ្ឋាតរចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសនៅពេលផ្លូវល្បឿនលឿនបញ្ចប់ នឹងធ្វើឲ្យការតភ្ជាប់ជាមួយសហគមន៍អាស៊ាន ពិសេសប្រ​ទេសវៀតណាម កាន់តែប្រសើរឡើង។

លោកបន្តថា “តម្លៃដីធ្លីនឹងកំរើកឡើងវិញ និងបានចាប់ផ្តើមមានសញ្ញាប្រសើរលើការទិញលក់ នៅតាមចំណុចសំខាន់នានារបស់ទីក្រុងនេះ”។

ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ជំនួយជាច្រើនលានដុល្លារអាមេរិក ដើម្បីជួយលើកកំពស់ស្តង់ដាអនាម័យ គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្រុងបាវិត ដែលគំរោងនេះបាននិងកំពុងដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here