ដោយវុត្ថា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនគារកណ្តាលនៃប្រទេសថៃ បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើនវានុវត្តនៃការទូទាត់និងហិរញ្ញវត្ថុ។
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ជាមួយលោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះថា អនុស្សរណៈយោគយល់នេះសំដៅគាំទ្រដល់កិច្ចសហការក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការនៃស្តង់ដារប្រព័ន្ធ QR code សម្រាប់ការទូទាត់ក្នុងប្រទេសនិងក្រៅប្រទេស ប្រកបដោយប្រសិទ្ធភាពនិងមានសុវត្ថិភាព ព្រមទាំងជំរុញដល់ការប្រើប្រាស់រូបិយវត្ថុជាតិ និងនវានុវត្តវិស័យហិរញ្ញវត្ថុក្នុងប្រទេសទាំងពីរ។
លោកបន្តថា លើសពីនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃបានព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍប្រព័ន្ធ QR code ដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជានិងរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនទំនាក់ទំនងជាមិត្តភាពរវាងធនាគារកណ្តាលប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ កន្លងមក កិច្ចប្រជុំនេះបានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរប្រកបដោយចីរភាព៕