ក្រុមអ្នកជំនាញមានសុទិដ្ឋិនិយមពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យក្រោយការបោះឆ្នោត

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ បានសម្តែងសុទិដ្ឋិនិយម ដោយរំពឹងថា ទីផ្សារអចលនទ្រព្យ និងសំណង់នឹងងើបឡើងវិញនៅក្រោយការបោះឆ្នោតនាពេលខាងមុខនេះ។

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី១២ កក្កដាថា ស្ថានភាពបច្ចុ​ប្បន្នហាក់ស្ងប់ស្ងាត់បន្តិច ដោយសារការបោះឆ្នោត ដែលធ្វើឲ្យវិនិយោ​គិនក្នុងស្រុកទន្ទឹងរង់ចាំមើល បើទោះពួកគេបានដឹងថា កម្ពុជានឹងមិនមានបញ្ហាអ្វីកើតចេញពីការបោះឆ្នោតក្តី។ លោកបន្តថា “ស្ថានភាពនយោបាយ សេដ្ឋកិច្ចមានស្ថេរភាព ហើយយើងបានដឹងថា គណបក្សណានឹងឈ្នះ ប៉ុន្តែការបោះឆ្នោតនៅតែដិតជាប់អារម្មណ៍របស់ប្រជាពលរដ្ឋ”។ លោកបន្តថា “ទោះជាអ្នកក្នុងស្រុកហាក់ស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែអ្នកវិនិយោគអន្តរជាតិនៅតែបន្តសកម្មភាព ជាក់ស្តែងគំរោងខុនដូថ្មីៗជាច្រើន នឹងចាប់ផ្តើមសាងសង់​នៅក្រោយការបោះឆ្នោត”។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុន Amatak Property Service, Co, Ltd បានមានប្រសាសន៍ថា ទីផ្សារកាន់តែមានភាពប្រសើរ ហើយយើងរំពឹងក្រោយការបោះឆ្នោត អ្វីៗនឹងកាន់​តែប្រសើរ ព្រោះយើងទទួលបានព៌តមានច្រើនថា អ្នកវិនិយោគចិននឹងវិលត្រលប់មកវិញ។ លោកស្រីបន្តថា “ក្រោយការរៀបចំរដ្ឋាភិបាលថ្មី អ្នកវិនិយោគពួកគេនឹងចាប់ផ្តើមឡើងវិញ ជាមួយសកម្មភាពវិនិយោគ លើកលែងតែវិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនមានសភាពកាន់តែធ្ងន់ធ្ងរ”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ពិតហើយទីផ្សារ ហាក់មានសភាពស្ងប់ស្ងាត់ ប៉ុន្តែអ្វីៗនឹងមានភាពប្រសើរឡើង ដោយ​សារអ្នកវិនិយោគជាតិ អន្តរជាតិរង់ចាំមើលទំនោរក្រោយការបោះឆ្នោត។ លោកស្រីបន្តថា “ពួកគេកំពុងរង់ចាំអ៊ុតមើលការបោះឆ្នោត ពួកគេកំពុងរង់ចាំស្ថានភាពប្រសើរឡើង”។
 ចំណែកលោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekongបានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងរំពឹង និងសង្ឃឹមថាស្ថានភាពនឹងមានសភាពប្រសើរឡើង ក្រោយការបោះឆ្នោតបញ្ចប់ ប៉ុន្តែស្ថិតក្នុងស្ថានភាពលំបាកបែបនេះ រដ្ឋាភិបាលគួរពិចារណាទម្លាក់ទុន ដើម្បីជួយអ្នកនៅក្នុងវិស័យនេះ។លោកបន្តថា “ការអន្តរគមន៍ណាមួយពីរដ្ឋាភិបាល នឹងជួយឲ្យទីផ្សារនេះងើបឡើងលឿន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here