ដោយនៅ វឌ្ឍនា
ឧត្តមានជ័យ៖ រដ្ឋាភិបាលបានតម្រូវឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ បើកច្រកទ្វារអន្ដរជាតិថ្មីមួយបន្ថែមទៀតនាពេលខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ និងសម្រួលការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។
លោក ឃិន ញ៉ាន អភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ច្រកទ្វារអន្ដរជាតិ ដែលនឹងបើកដាក់ឲ្យដំណើរការនៅពេលខាងមុខនេះ មានច្រកអន្លង់វែង និងច្រកជប់គគី ខណៈបច្ចុប្បន្ននៅខេត្តជាប់ព្រំដែនប្រទេសថៃ មានច្រកទ្វារអន្ដរជាតិអូស្មាច់ និងច្រកជាំស្រងាំរួចទៅហើយ ក្នុងការជំរុញពាណិជ្ជកម្មជាមួយប្រទេសថៃ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកប្រទេសកម្ពុជា។
លោកបន្តថា “ការបើកច្រកអន្ដរជាតិទាំងនេះ ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យមកទស្សនា នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រនានា នៅក្នុងខេត្តឧត្តមានជ័យ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការនាំចេញទំនិញទៅទីផ្សារប្រទេសជិតខាង”។
លោក ឃិន ញ៉ាន បានបន្តថា ពីមួយឆ្នាំទៅមួយឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ មានកំណើនកើនឡើង។ សំរាប់ខេត្តឧត្តរមានជ័យ ដែលមានច្រកទ្វារព្រំដែនចំនួន៣ និងច្រកអន្ដរជាតិមួយដែរ ប៉ុន្ដែនៅតំបន់ទ្វេភាគី ដែលមានច្រកអូស្មាច់ ច្រកអន្លង់វែង និងច្រកជោគគគី តែយើងនឹងបើកជាច្រកអន្ដរជាតិនៅពេលឆាប់ៗខាងមុខនេះដែរ។ សំរាប់ការបើកច្រកនេះគឺយើងអាចថាមានការប្ដូរទំនិញទៅវិញទៅមក រវាងកម្ពុជានិងថៃ ដែលអាចថា ដោះដូរឲ្យប្រជាពលរដ្ឋយើងមានជីវភាពប្រសើរ ជាងមុនច្រើន វិស័យទេសចរណ៍គាត់អាចថាទី១ គាត់មកចូលលេងតំបន់យើង ហើយទី២ ភ្ញៀវអាចឆ្លងកាត់ ទោះមិនបានស្នាក់នៅឧត្តរមានជ័យ ប៉ុន្ដែភ្ញៀវទេសចរណ៍ក៏បានចតនៅឧត្តរមានជ័យដែរ។
ភ្ញៀវទេសចរណ៍ក៏អាចធ្វើដំណើរទៅកាន់ខេត្តសៀមរាប តាមច្រកយើងពីរនេះ នៅច្រកអូស្មាច់ និងច្រកជាំស្រងាំ។ ហេតុនេះភ្ញៀវទេសចរណ៍នៅពេលទៅដល់គោលដៅពួកគាត់អាចស្នាក់នៅនៅខេត្តសៀមរាប ហើយកាលណាភ្ញៀវមកលេងបានច្រើន អីចឹងយើងអាចជាលក់ចំណីអាហារ ឬមួយក៏របស់ផ្សេងៗ ទោះបីថាភ្ញៀវបានចតខ្លះ មិនបានចតខ្លះ ក៏គាត់ត្រូវការការហូបចុករបស់ផ្សេងៗ ឬមួយការងារគាត់ទិញរបស់របរផ្សេងៗដែលនៅនឹងខេត្តយើងដើម្បីត្រឡប់ទៅវិញដែរ។
លោកបានឲ្យដឹងបន្ថែមទៀតថា នៅតាមរមណីយដ្ឋានប្រវត្តិសាស្ដ្រនានា ក៏ដូចជាតាមភោជនីយដ្ឋាន និងសណ្ឋាគារ អាជ្ញាធរខេត្តបានណែនាំដល់គ្រប់អាជីវកទាំងអស់ឲ្យរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន ស្របតាមពាក្យស្លោក ដែលបានលើកឡើងថារមដ្ឋានស្អាត សេវាកម្មល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ។
នៅក្នុងខេត្តឧត្តរមានជ័យ មានរមណីយដ្ឋានប្រជាវត្តិសាស្ដ្រជាច្រើន ដូចជា រមណីយដ្ឋានអន្លង់វែង សារមន្ទីរផ្ទះតាម៉ុក ប្រាសាទតាមាន់ ប្រាសាទតាក្របី និងរមណីយដ្ឋានផ្សេងៗទៀត៕