ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានទទូចឲ្យរដ្ឋាភិបាលថ្មី បញ្ចេញកគ្ចប់ឥណទានពិសេស ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យ ដែលកំពុងមានវិបត្តិ។
ប្រធានក្រុមប្រឹក្សាអភិបាល នៃក្រុមហ៊ុនអចលនទ្រព្យKFA លោកឧកញ៉ានួន រិទ្ឋី បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៣ សីហាថា វិស័យអចលនទ្រព្យ ពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរសាច់ប្រាក់ និងចំណូលរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា គួរទម្លាក់កញ្ចប់ថវិកា ឬកញ្ចប់ឥណទានពិសេស ដើម្បីជួយដល់វិស័យនេះ។
លោកបន្តថា “យ៉ាងណារដ្ឋាភិបាល ក៏គួរជួយដល់អ្នកអភិវឌ្ឍន៍ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ មានគម្រោងច្បាស់លាស់ និងគោលដៅត្រឹមត្រូវ”។លោកបន្តថា “ជាមួយគ្នានេះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏គួរតែជំរុញឱ្យដំណើរការនៃការកាត់ប្លង់ ឱ្យបានលឿនជាងមុនផងដែរ”។
ចំណែកលោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា ស្ថានភាពបច្ចុប្បន្ន ពិតជាមានការលំបាកខ្លាំងណាស់ ហេតុនេះរដ្ឋាភិបាលគួរបង្កើតគោលនយោបាយ និងបញ្ចេញកញ្ចប់ឥណទានពិសេស ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ។ លោកបន្តថា “ក្នុងស្ថានភាពនេះ ខ្ញុំគិតថារដ្ឋាភិបាលគួរបញ្ចេញឥណទានកាន់តែលឿន កាន់តែល្អ”។ជាមួយគ្នានេះ សេដ្ឋវិទូបានលើកឡើងផ្ទុយពីនេះ ដោយហៅស្ថានភាពនេះជាជាវិបត្តិ។លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន និងជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃតែមួយថា ក្នុងរយៈពេលដ៏ខ្លី រដ្ឋាភិបាលមិនអាចធ្វើអីបាននោះទេ គឺមានតែបណ្តោយឱ្យវិស័យអចលនទ្រព្យ បន្តស្ថិតនៅទ្រឹង ជាមួយនឹងការជួយគាំទ្របន្ថែម ជាពិសេសតាមរយៈការចូលរួមចំណែកក្នុងការពន្យា ររយៈពេលនៃការបង់ការប្រាក់ ឬការសងបំណុល ដើម្បីអនុញ្ញាតឱ្យគ្រួសារ អាចចាយវាយបានច្រើនជាងមុនដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកជាមុនសិន។
លោកអះអាងថា ចំណែកឯកញ្ចប់ថវិកាវិញ គឺពាក់ព័ន្ធជាមួយនឹងវិស័យសំណង់ មានផ្ទះល្វែងហើយ ទើបរដ្ឋាភិបាលអាចជួយកើត។ ប្រសិនបើវិស័យដីឡូតិ៍វិញ គឺរដ្ឋាភិបាលមិនអាចទៅជួយអ្វីកើតនោះទេ ព្រោះមិនដឹងថា គេយកដីឡូតិ៍នោះទៅធ្វើជាអ្វីកើតនោះទេ ហើយដីនោះមិនមែនជាដីរបស់ខ្លួនឯងទៀត គឺយកដីរបស់គេមកពុះលក់ រួចទើបយកលុយទៅសងម្ចាស់គេ៕