ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Citilink នឹងបើកជើងហោះហើរត្រង់ឥណ្ឌូនេស៊ី មកកាន់កម្ពុជានៅក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ ដែលការហោះត្រង់នេះនឹងជម្រុញពាណិជ្ជកម្ម ទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាជាមួយ លោកស៊ូឌីរ៉ាម៉ាន់ ហាស់សេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី បានខកខានបើកជើងហោះហើរយូរណាស់មកហើយ ហើយតាមរយៈការសម្រេចចិត្ត បើកជើងហោះហើរត្រង់កម្ពុជា ឥណ្ឌូនេស៊ី បានធ្វើឡើងខណៈលំហូរភ្ញៀវទេសចរទៅមកកម្ពុជា ឥណ្ឌូនេស៊ីមានកំណើនឡើងប្រមាណ១១ភាគរយ។
លោកបន្តថា “កាលពីឆ្នាំ២០១៨ ទំហំភ្ញៀវទេសចររវាងកម្ពុជាឥណ្ឌូនេស៊ី គឺមានប្រមាណតែ៥៥,០០០នាក់បានមកទស្សនាកម្ពុជា”។លោកបន្តថា “បច្ចុប្បន្ននៅក្នុងបណ្តាប្រទេសទាំង១០សមាជិកអាស៊ាន គឺមានតែប្រទេសឥណ្ឌូនេស៊ី និងប្រទេសប្រ៊ុយណេ ដែលមិនទាន់មានជើងហោះហើរត្រង់មកកាន់កម្ពុជា”។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោកស៊ូឌីរ៉ាម៉ាន់ ហាសសេង បានមានប្រសាសន៍ថា ការបើកជើងហោះហើរនេះ គឺស្ថានទូតឥណ្ឌូនេស៊ីមានបំណងចង់យកថ្ងៃរំលឹកខួបលើកទី៦០ ទំនាក់ទំនងការទូតរវាងកម្ពុជាឥណ្ឌូនេស៊ី ឆ្នាំ២០១៩នេះ ធ្វើជាថ្ងៃបើកជើងហោះហើរត្រង់ជាលើកដំបូងរវាងកម្ពុជាឥណ្ឌូនេស៊ី។
លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ស្វាគមន៍ចំពោះដំណឹងល្អនេះ ដោយលោកបានមានប្រសាសន៍ថា ការមានក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើន ហោះត្រង់មកកម្ពុជាកាន់តែល្អ ដែលវានឹងជួយជំរុញទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
លោកបន្តថា “សម្រាប់ខ្ញុំស្វាគមន៍ទាំងអស់ឲ្យតែមានការហោះហើរត្រង់ គឺសុទ្ឋតែនាំផលប្រយោជន៍ដល់ប្រទេសរបស់យើង ហេតុនេះហោះមកកាន់តែច្រើនកាលណាកាន់តែល្អកាលនោះ”៕