ដោយៈ តែម សុខុម
វ៉ាស៊ីនតោន: ប្រភពច្បាស់ការបានទម្លាយឱ្យដឹង កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន អាចនឹងពិចារណា ស្នើសុំជំនួយបន្ថែមប្រមាណ១០០ពាន់លានដុល្លារ ដែលនឹងរួមបញ្ចូលទាំងជំនួយការពារជាតិ សម្រាប់អ៊ីស្រាអែល អ៊ុយក្រែន និងតៃវ៉ាន់ផងដែរ។
មានការរំពឹងទុកខ្ពស់ថា លោក ចូ បៃឌិន នឹងស្នើឱ្យសភាអនុម័តសេចក្ដីព្រាងចំណាយបន្ថែមនេះ នៅប៉ុន្មានថ្ងៃខាងមុខ ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឆ្លើយតបទៅនឹងការវាយប្រហារ ដ៏សាហាវកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) ទៅលើអ៊ីស្រាអែល ខណៈកំពុងសម្លឹងបន្តគាំទ្រអ៊ុយក្រែន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានលេចឮ នៅពេលលោក ចូ បៃដិន ត្រៀមចេញដំណើរទៅកាន់ទីក្រុងតេល អាវីវ (Tel Aviv) និងក្រុងអាមម៉ាន់ (Amman) នៃប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល ព្រមទាំងដើម្បីជួបជាមួយមេដឹកនាំ នៃប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៊ីប ស្តីពីវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា (Gaza) នៃទឹកដីប៉ាឡេស្ទីនផងដែរ។
ក្រុមថ្នាក់ដឹកនាំព្រឹទ្ធសភាអាមេរិក បានលើកឡើងកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ថា ពួកគេរំពឹងថា លោក ចូ បៃដិន នឹងបញ្ជូនឱ្យពួកគេនូវសំណើមួយ នៅចុងសប្តាហ៍នេះ ដើម្បីស្នើសុំជំនួយច្រើនពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែល អ៊ុយក្រែន និងតៃវ៉ាន់ និងសម្រាប់សន្តិសុខ នៅតាមព្រំដែនសហរដ្ឋអាមេរិក។
ប្រភពបានទម្លាយឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិងកំពុងធ្វើការលើសំណើនេះ ជាច្រើនសប្តាហ៍មកហើយ៕ The Edge Markets៕