កម្ពុជា និងប្រទេសអាស៊ានចំនួន៦ផ្សេងទៀតកំពុងសម្រុកពង្រីកអាកាសយានដ្ឋានធំៗ ដើម្បីបង្កើនសមត្ថភាពផ្ទុកដំណើរដល់៦៥៣លាននាក់នៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសសមាជិកអាស៊ានកំពុងសម្រុកពង្រីកអាកាសយានដ្ឋានធំៗរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការក្នុងស្រុក ក៏ដូចជាទាក់ទាញការវិនិយោគបរទេស និងអ្នកធ្វើដំណើរដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទោះបីជាផែនការមួយចំនួនកំពុងបង្កើនក្តីបារម្ភអំពីការវិនិយោគហួសកម្រិតយ៉ាងណាក្តី។

យោងតាមការស្រាវជ្រាវរបស់កាសែត Nikkei Asia លើផែនការពង្រីកព្រលានយន្តហោះក្បែររដ្ឋធានី និងរាជធានីនៃបណ្តាប្រទេសចំនួន៧នៅក្នុងតំបន់អាស៊ាន ដូចជា ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងកម្ពុជា បានរកឃើញថា សមត្ថភាពដឹកជញ្ជូនអ្នកដំណើរសរុបប្រចាំឆ្នាំនឹងកើនឡើងដល់យ៉ាងតិចណាស់៦៥៣លាននាក់នៅឆ្នាំ២០៣០ ដែលកើនឡើងជិតទ្វេរដងបើធៀបនឹងចំនួន៣៣៦លាននាក់គិតត្រឹមខែមករាឆ្នាំ២០២៣នេះ។

ជាក់ស្តែងកម្ពុជានឹងបើកព្រលានយន្តហោះអន្តរជាតិថ្មីមួយនៅជិតរាជធានីភ្នំពេញនៅឆ្នាំ២០២៥ ដែលមានទុនវិនិយោគសរុបចំនួន១,៥ ពាន់លានដុល្លារ ក្នុងការសាងសង់។ ដំណាក់កាលដំបូងព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះនឹងអាចផ្ទុកអ្នកដំណើរបាន១៣លាននាក់ ហើយសមត្ថភាពផ្ទុកអ្នកដំណើរនឹងកើនឡើងដល់៣០លាននាក់នៅឆ្នាំ២០៣០។

ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី មានគម្រោងផ្ទុកអ្នកដំណើរឱ្យបាន១៥០លាននាក់នៅព្រលានយន្តហោះរបស់ខ្លួនដែលបង្កើនសមត្ថភាពបច្ចុប្បន្នទ្វេរដង។ ចំណែកប្រទេសសិង្ហបុរី មានគោលដៅទទួលបានអ្នកដំណើរ១៤០លាននាក់កើនឡើង៧៥%ធៀប នឹងតួលេខសព្វថ្ងៃនេះ។ ប៉ុន្តែកាលបរិច្ឆេទបញ្ចប់គម្រោងរបស់ប្រទេសទាំងពីរមិនទាន់សម្រេចនៅឡើយនោះទេ។

ចំណែក ប្រទេសហ្វីលីពីនកំពុងរៀបចំគម្រោងពង្រីកព្រលានយន្តហោះចំនួនបួនជុំវិញទីក្រុងម៉ានីល ប៉ុន្តែតួនាទីសម្រាប់ព្រលានយន្តហោះនីមួយៗ មិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយនោះទេ។

ទន្ទឹមនឹងនេះ ប្រទេសវៀតណាមគ្រោងនឹងបោះទុនវិនិយោគជិត១០០ពាន់ពាន់លានដុង (ប្រហែល៤ពាន់លានដុល្លារ) ដើម្បីបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ទីក្រុងហាណូយដល់៦០លាននាក់នៅឆ្នាំ២០៣០ ដែលស្មើនឹង២,៥ដងនៃសមត្ថភាពផ្ទុកបច្ចុប្បន្ន។

នៅឯប្រទេសថៃវិញ ស្ថានីយផ្កាយរណបមួយបានបើកដំណើរការនៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្បែរទីក្រុងបាងកក កាលពីខែកញ្ញាកន្លងទៅ។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានថ្លែងនៅក្នុងពិធីបើកសម្ពោធនោះថា“ការដាក់ឱ្យដំណើរការស្ថានីផ្កាយរណបនេះកើតឡើងក្នុងពេលដ៏ល្អបំផុតសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ”។

លោកសេដ្ឋា បានសម្តែងក្តីសង្ឃឹមថា ការពង្រីកនេះនឹងរួមចំណែកដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩។

ស្ថានីយផ្កាយរណបនេះអាចផ្ទុកយន្តហោះបានដល់ទៅ២៨គ្រឿង និងអាចផ្ទុកអ្នកដំណើរបាន១៥លាននាក់ក្នុងមួយឆ្នាំ។ នៅពេលដែលស្ថានីយផ្កាយរណបនេះបើកដំណើរការពេញលេញ សមត្ថភាពផ្ទុកអ្នកដំណើររួមរបស់អាកាសយានដ្ឋានសុវណ្ណភូមិនឹងកើនឡើង៣០% ដល់៦០លាននាក់ជារៀងរាល់ឆ្នាំ ដើម្បីកាត់បន្ថយការកកស្ទះ។

អាកាសយានដ្ឋានសុវណ្ណភូមិក៏រំពឹងថា ផ្លូវរត់ទី៣នឹងអាចបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ២០២៤ខាងមុខ។ បន្ថែមពីនេះ អាកាសយានដ្ឋានសុវណ្ណភូមិគ្រោងសាងសង់ស្ថានីយផ្កាយរណបទី២ និងផ្លូវរត់មួយទៀតនៅឆ្នាំ២០៣០ និងបង្កើនសមត្ថភាពគ្រប់គ្រងអ្នកដំណើរប្រចាំឆ្នាំដល់១៥០លាននាក់។

ម៉្យាងទៀត រដ្ឋាភិបាលថៃគ្រោងពង្រីកព្រលានយន្តហោះ ចំនួន២ទៀត គឺអាកាសយានដ្ឋាន អន្តរជាតិ ដុនមឿង ក្បែរទីក្រុងបាងកក និង អាកាសយានដ្ឋានអ៊ូតាប៉ាវ ដែលស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីបាងកក។ សមត្ថភាពផ្ទុកអ្នកដំណើរសរុបរបស់អាកាសយានដ្ឋានទាំង៣(សុវណ្ណភូមិ ដុនមឿង និងអ៊ូតាប៉ាវ) នឹងកើនឡើងដល់២០០លាននាក់នៅឆ្នាំ២០៣០។

ជាងនេះទៅទៀត ប្រទេសថៃគ្រោងនឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋានទាំង៣ គឺសុវណ្ណភូមិ-ដុនមឿង-អ៊ូតាប៉ាវ ប៉ុន្តែការសាងសង់មិនទាន់បានចាប់ផ្តើមនៅឡើយទេ ដោយសារតែមានការពន្យារពេលក្នុងការទទួលបានដីសម្រាប់ស្ថាបនាគម្រោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here