ដំណឹងល្អៈផ្សារបោះដុំអាស៊ានទំហំ២០ហិកតានៅជាយក្រុងភ្នំពេញនឹងបើកដំណើរការឆាប់ៗខាងមុខ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បើមិនមានការប្រែប្រួលទេ ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ផ្សារ​ដើម​គរ​ថ្មី​ គ្រោង​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​នៅមុន​ដំណាច់ឆ្នាំ​២០២៣នេះហើយ។

​គិត​រហូតមកដល់ពេលនេះ​ មាន​អាជីវករ​ប្រហែល៧០ភាគរយ ​បានមក​ចុះឈ្មោះ​អាជីវកម្ម​រួចរាល់​។​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ផ្សារ​ដើម​គរ​ថ្មី បានចាប់ផ្តើម​សាងសង់​ក្នុង​២០២២ លើ​ផ្ទៃដី​ជាង២០ហិកតា ដោយ​សមាគម​អភិ​វឌ្ឍន៍​ពាណិជ្ជកម្ម​ហ្គា​ន់​ស៊ី ប្រទេស​ចិន​។ គម្រោង​នេះ​ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​សាងសង់​រួច​ដំណាក់កាល​ទី​១ ហើយ​ដែលមាន​ស្តង់​លក់ដូរ ចំនួន៦០០០ ​ស្តង់​។​ក្នុងអំឡុងពេល​ចុះទៅពិនិត្យ​មើល ​ពី​វឌ្ឍនភាព​សំណង់​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ​ហៅថា ផ្សារ​ដើម​គរ​ថ្មី ជាមួយ​លោក Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែតុលា​កន្លងមក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​និយាយថា នៅពេល​បើក​ដំណើរការ​ផ្សារ​នេះ ​នឹង​ក្លាយជា​កន្លែង​បោះ​ដុំ​ទំនិញ​ក្នុងស្រុក និង​ក៏​អាចមាន​ទំនិញ​នាំចូល ​ពី​ក្រៅប្រទេស​ផងដែរ​។ ទំនិញ ​ដែល​ដាក់តាំង​លក់​នៅ​ទីនោះ​ អាចមាន​ចម្រុះ​ជាច្រើន​មុខទំនិញ ។​លោក​ថ្លែងថា “​ផ្សា​របោះ​ដុំ​នេះ​ សំដៅ​ដល់​កន្លែង​បោះ​ដុំ​បន្លែ សម្ភារ គ្រឿងសង្ហារិម​… ។​ល​។​ ដែល​ការបោះ​ដុំ​នេះ ​គឺអាច​យកមក​ពី​ប្រទេសជិតខាង​ក៏ដូចជា​ប្រទេស​ចិន ដើម្បី​យកមក​បោះ​ដុំ និង​ចែកចាយ​ជូន​បណ្តា​ខេត្ត​ទាំង ២៤​។ ទីតាំង​នេះ​គឺ​សមរម្យ​បំផុត​”។​លោក​បន្ថែមថា ផ្សារ​នេះ​ក៏​នឹង​ជួយ​រំលែក​បងប្អូន ​អាជីវករ​ពីលើ​ផ្លូវ​ព្រះ​មុនី​រ៉េត​(​ផ្សារ​ដើម​គរ​) ដែល​បង្ក​ឱ្យ​បាត់​សណ្តាប់ធ្នាប់​នៅក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​​លោក​ឯកអគ្គរដ្ឋទូត Wang Wen Tian បាន​អបអរសាទរ ចំពោះ​គម្រោង​វិនិយោគ​ផ្សា​របោះ​ដុំ ​ដ៏​ធំ​លើកដំបូង​នៅ​រាជធានី​ភ្នំពេ​ញ​មួយ​នេះ ដោយ​បញ្ជាក់ថា នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ​នៃ​យុទ្ធសាស្ត្រ​ត្បូង​ពេជ្រ កម្ពុជា​-​ចិន ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រមុខ​ដឹកនាំ នៃ​ប្រទេស​ទាំង​២ ។​

តំណាង​សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហ្គា​ន់​ស៊ី បានឱ្យដឹងថា នៅ​ខែ​១២(​ខែធ្នូ​) ក្រុមហ៊ុន​នឹង​រៀបចំ​ប្រគល់​តូប ​ទៅដល់​ម្ចាស់​អាជីវកម្ម ដើម្បីឱ្យ​ពួកគាត់​ចូលមក​រៀបចំ​តូប​រៀងៗ​ខ្លួន​ ក្នុង​លើ​កិច្ចសន្យា​រយៈពេល៥​ឆ្នាំ ក្នុងនោះ​២​ឆ្នាំ​ដំបូង​គឺ​មិន​គិត​តម្លៃ​ជួល​ឡើយ​។ នេះ​ជា​ផ្សារ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​អាច​ផ្ទុកទំនិញ​បាន ៦០ ០០០​តោន ហើយ​នឹងមាន​ផលិតផល​ក្នុងស្រុក​(​កម្ពុជា​) និង​ផលិត​ផល​នាំចូល​ពី​ប្រទេស​នានា ពិសេស​ប្រទេសជិតខាង​ដូចជា ចិន វៀតណាម និង​ថៃ ជាដើម​។​យោងតាមរបាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសា​ទបានឱ្យដឹងថា ក្នុង​រយៈពេល៩​ខែ ឆ្នាំ​២០២៣ នេះ​កម្ពុជា​បាន​នាំចេញ​កសិផល​ប្រមាណ​៥,៥​លាន​តោន​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​(៧១​ប្រទេស​) ដោយ​ទទួលបាន​ចំណូល​ជាង ៣,២១​ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​កសិផល​ ដែល​បាន​នាំចេញ​ទាំងអស់ គឺ​ការនាំចេញ​អង្ករ​មាន​ចំនួន​ជាង៤៥​ម៉ឺន​តោន​, ស្រូវ​ជាង ១,៨​លាន​តោន និង​កសិផល​ក្រៅពី​ស្រូវ​- ​អង្ករ​ចំនួន​ជាង៣,៣លាន​តោន ដោយបាន​នាំចេញ​ទៅកាន់ ៧១​ប្រទេស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here