តែម សុខុម
ក្រុងឡុងដ៍: ទីផ្សារធានារ៉ាប់រងពាណិជ្ជកម្ម Lloyd’s of London នៃប្រទេសអង់គ្លេស បានទម្លាយឱ្យដឹងកាលពីថ្ងៃពុធ ទី១៨ ខែតុលា ថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំមួយលើប្រព័ន្ធទូទាត់សេវាហិរញ្ញវត្ថុអាចបណ្ដាលឱ្យខាតបង់ជាកលចំនួន៣,៥ទ្រីលានដុល្លារអាមេរិក។
ហើយភាគច្រើននៃការខាងបង់ទាំងនោះ មិនត្រូវបានគ្របដណ្ដប់ដោយការធានារ៉ាប់រងនោះឡើយ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែតុលា។
ផ្អែកតាមសេណារីយ៉ូហានិភ័យជាប្រព័ន្ធដែលបង្កើតឡើងដោយទីផ្សារធានារ៉ាប់រងពាណិជ្ជកម្ម Lloyd’s of London និងមជ្ឈមណ្ឌលសម្រាប់ការសិក្សាពីហានិភ័យ (Center for Risk Studies) នៃសកលវិទ្យា Cambridge នៃប្រទេសអង់គ្លេស បង្ហាញថា សហរដ្ឋអាមេរិក នឹងទទួលរងការខាតបង់ចំនួន១,១ទ្រីលានដុល្លារ ក្នុងរយៈពេល៥ឆ្នាំពីការវាយប្រហារបែបនេះដែលនឹងបង្កការរអាក់រអួលយ៉ាងទូលំទូលាយដល់អាជីវកម្មទូទាំងពិភពលោក។ទីផ្សារធានារ៉ាប់រងខាងលើនិយាយថា ប្រទេសចិន នឹងប្រឈមការខាតបង់ចំនួន៤៧០ពាន់លានដុល្លារ និងប្រទេសជប៉ុន ចំនួន២០០ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ។
ទីផ្សារធានារ៉ាប់រងដដែលនិយាយទៀតថា ការធានារ៉ាប់រងលើប្រព័ន្ធអ៊ីនធឺណិតមានបុព្វលាភរ៉ាប់រង (ចំនួនទឹកប្រាក់ដែលបង់ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងជាការតបស្នងចំពោះកិច្ចសន្យាធានារ៉ាប់រងមួយ) មានចំនួនសរុបជាង៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយត្រូវបានព្យាករថានឹងកើនឡើងដល់២៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។
ក្រុមភ្នាក់ងារកម្រៃជើងសារនិយាយថា ការព្រួយបារម្ភអំពីតម្លៃនៃការធានារ៉ាប់រងបែបនេះ និងថាតើក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ការធានារ៉ាប់រងក្នុងករណីសង្រ្គាមដែរឬក៏អត់ កំពុងធ្វើឱ្យអតិថិជនដែលមានសក្តានុពលមួយចំនួនរារែក។
ទីផ្សារធានារ៉ាប់រងខាងលើបញ្ជាក់ថា ជាង២០%នៃបុព្វលាភតាមអ៊ីនធឺណិតទូទាំងពិភពលោកគឺស្ថិតនៅក្នុងទីផ្សាររបស់ទីផ្សាររបស់ខ្លួន។ក្រុមហ៊ុនធានារ៉ាប់រងតាមអ៊ីនធឺណិតធំៗរួមមានក្រុមហ៊ុន Beazley និងក្រុមហ៊ុន Hiscox ស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងជាង៥០នៅក្នុងទីផ្សាររបស់ទីផ្សារធានារ៉ាប់រងពាណិជ្ជកម្ម Lloyd’s of London៕ Reuters៕