ដោយៈ សុខុម
បាងកកៈ មហាសេដ្ឋីថៃ នឹងបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ថ្មីៗចំនួន៥ ជាមួយនឹងទំហំទុនវិនិយោគ សរុបយ៉ាងតិច១០៦,៥លានដុល្លារអាមេរិក ដោយរំពឹងថានឹងចាប់ផ្តើម ប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ២០២៤។
ទីផ្សារអាកាសចរណ៍ ដែលកំពុងរីកចម្រើនឥតឈប់ឈររបស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ទំហំ៨,៨៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែតុលា។អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗទាំង៥ ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការហោះហើរតាមផ្លូវអាកាស (AOL) រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Really Cool Airlines ក្រុមហ៊ុន P80 Air ក្រុមហ៊ុន Pattaya Airways ក្រុមហ៊ុន Siam Seaplane និងក្រុមហ៊ុន Landarch Airlines។
ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ នឹងត្រូវរង់ចាំអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) អនុម័តលើវិញ្ញាបនបត្រប្រតិបត្តិករ ផ្លូវអាកាស (AOC) របស់ខ្លួន មុននឹងក្រុមហ៊ុនទាំងនេះ អាចហោះហើរពាណិជ្ជកម្មនៅក្នុងប្រទេសថៃបាន។គម្រោងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ទាំងនេះធ្វើឡើង ស្របពេលប្រទេសថៃ បានកំណត់គោលដៅថ្មី ក្នុងការរកប្រាក់ចំណូលឱ្យបានប្រមាណ៨៥ពាន់លានដុល្លារអាមេរិក ពីភ្ញៀវអន្តរជាតិ និងប្រែក្លាយប្រទេសនេះ ទៅជាមជ្ឈមណ្ឌលកីឡា និងការកម្សាន្ត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sudawan Wangsuphakijkosol បានទម្លាយឱ្យដឹងក្នុងឆ្នាំនេះ៕ The Nation៕