ដោយៈ គង់ ហ្វីអូណា
កំពង់ចាមៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកហេង សួរបានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេចបញ្ចុះតម្លៃ នៃការធ្វើទិដ្ឋាការ(VISA) ការងារ ដល់កម្មករ និយោជិតខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ៥០ដុល្លា) មកត្រឹម៥០០បាត (ជិត១៥ដុល្លារ)។
ក្នុងពិធីសំណេះសំណាលកម្មករ និយោជិតជាង១២,០០០នាក់ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោកហេង សួរ មានប្រសាសន៍ថា កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃ ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារនៅប្រទេសថៃ ជាការឆ្លើយតប ទើបរាជរដ្ឋាភិបាលថៃ បានសម្រេចបញ្ចុះនូវតម្លៃធ្វើទិដ្ឋាការ ដែលត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ។លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ច នៅក្រៅប្រទេសលើកដំបូង ក្នុងតំណែងជានាយករដ្ឋមន្ត្រី មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ មានជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយសម្ដេចធិបតី លើការងារមួយចំនួន ។
ក្នុងជំនួបនោះនាយករដ្ឋមន្រ្តីទាំងពីរ បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង វិស័យទេសចរណ៍ វិស័យអប់រំ វិស័យការងារ វិស័យការពារជាតិ រួមទាំងវិស័យសំខាន់ៗមួយចំនួនទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ ដែលជាប់ព្រំដែននឹងគ្នា។
ជាមួយគ្នានោះ តបតាមសំណើរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីថៃ នឹងពិចារណាដោយយកចិត្តទុកដាក់បំផុត ចំពោះសំណើរឲ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា នៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុល ជួយប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ៕