ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមពាណិជ្ជករមាសក្នុងប្រទេសថៃ បានអះអាងថា ការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ាអាចជំរុញឱ្យតម្លៃហាងឆេងមាស ហក់ឡើងលើសពី២.០០០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស ក្នុងប្រទេសថៃអាចហក់ឡើង ដល់៣៤.៧០០បាតក្នុង១៥,២ក្រាម។
ជាទូទៅនៅពេលស្រុកទេសមានវិបត្តិ ឬសង្គ្រាម មនុស្សតែងតែសម្រុកទិញមាសទុក ឬវិនិយោគលើមាស ព្រោះមាសត្រូវបានគេចាត់ទុកជា លោហធាតុមានតម្លៃ និងជាទ្រព្យដ៏មានសុវត្ថិភាពសម្រាប់ប្រើប្រាស់ ក្នុងការដោះដូរជាមួយទំនិញផ្សេងៗ នៅពេលមានវិបត្តិ ឬរូបិយប័ណ្ណគេលែងត្រូវការ។
លោក Varut Rungkhum ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន YLG Bullion & Futures បានលើកឡើងថា “ការប្តេជ្ញារបស់មេដឹកនាំអ៊ីស្រាអែល ក្នុងការបើកការឈ្លានពាន ដើម្បីរុញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាស្ទ្រីប បានធ្វើឱ្យអ្នកវិនិយោគមានការព្រួយបារម្ភថា ជម្លោះនេះអាចក្លាយទៅជាសង្រ្គាមលោកលើកទី៣”។
លោកបានបន្តថា ទន្ទឹមនឹងនេះ ទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា បានបញ្ឈប់ប្រតិបត្តិការផ្តល់ជំនួយ ហើយត្រូវបានគេរាយការណ៍មកថា បានដកក្រុមរបស់ខ្លួនមួយផ្នែក ដែលជាសញ្ញាបង្ហាញថា សង្រ្គាមអាចនឹងកើនឡើងកំដៅ។
លោក Varut បានមានប្រសាសន៍ថា “យើងព្យាករថា តម្លៃមាសពិភពលោក នឹងហក់ឡើងដល់ដល់២.០០៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃមាសក្នុងស្រុករបស់ប្រទេសថៃ អាចស្ថិតនៅក្នុងចន្លោះពី៣៤.៤០០ ទៅ៣៤.៧០០បាតក្នុង១៥,២ក្រាម” ។
ចំណែកឯ អ្នកវិភាគផ្សេងទៀតរំពឹងថា តម្លៃមាសនៅទីបំផុតអាចហក់ឡើងដល់២.១០០ដុល្លារ ក្នុងមួយអោនក្នុងអំឡុងពេលមានភាពតានតឹងបច្ចុប្បន្ននៅតំបន់មជ្ឈឹមបូព៌ា។
ក្រៅពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ការកើនឡើងនៃតម្រូវការមាសនៅក្នុងប្រទេសចិន ក៏បានជំរុញឱ្យតម្លៃមាសហក់ឡើងខ្ពស់ផងដែរ។ តម្រូវការមាសនៅចិនដីគោក បានកើនឡើង៧,៣% ក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះបីជាយ៉ាងនេះក្តី ក្នុងរយៈពេលដ៏ខ្លី តម្លៃហាងឆេងមាសអាចរងឥទ្ធិពល ដោយសារទស្សនវិស័យ នៃការបន្តដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក ដែលមានន័យថា កាលណាអត្រាការប្រាក់កើនឡើង នោះតម្លៃមាសនឹងធ្លាក់ចុះ។
លោក Varut បានគូសបញ្ជាក់ថា “ស្របពេលដែលផលប័ត្រសញ្ញាប័ណ្ណ (Bond yields) របស់សហរដ្ឋអាមេរិក បានកើនឡើងជាថ្មីម្តងទៀត ឥឡូវនេះ អ្នកវិភាគកំពុងព្យាករថា ធនាគារកណ្តាលអាមេរិក (Fed) អាចនឹងដំឡើងអត្រាការប្រាក់គោល របស់ខ្លួនម្តងទៀតនៅឆ្នាំនេះ”៕