ការលក់នៅតាមផ្សារទំនើបធំៗនៅប្រទេសជប៉ុនបានកើនឡើងរយៈពេល៧ខែជាប់ៗគ្នា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ថាប័នឧស្សាហកម្មមួយ បានអះអាងកាលពីពេលថ្មីៗថា ការលក់នៅផ្សារទំនើបធំៗ របស់ប្រទេសជប៉ុនបានកើនឡើងរយៈពេល៧ខែជាប់ៗគ្នាគិតត្រឹមខែកញ្ញា ឆ្នាំនេះ ដោយតម្លៃសរុបត្រូវបានជំរុញ ដោយការកើនឡើងនៃតម្លៃទំនិញជាច្រើនមុខ។

សមាគមហាងលក់ខ្សែសង្វាក់ជប៉ុនបានរាយការណ៍ថា ការលក់សរុបបានឈាន ដល់ទំហំទឹកប្រាក់១,០៧ពាន់ពាន់លានយ៉េន (ប្រ​ហែល៧,១៣ពាន់លានដុល្លារអាមេរិក) កើនឡើង២,៨ភាគរយធៀបនឹងឆ្នាំមុន។

ជាក់ស្តែង ការ​លក់​ផលិតផល​អាហារ ​បាន​កើន​ឡើង៤,៨ភាគរយ បើ​ទោះ​បី​ជា​អ្នក​ប្រើ​ប្រាស់​ កាន់​តែមានការប្រុងប្រយ័ត្នក្នុងការចាយវាយរបស់ពួកគេយ៉ាងណាក្តី។

ទោះជាយ៉ាងនេះក្តី ការ​លក់​សម្លៀក​បំពាក់​បាន​ធ្លាក់​ចុះ៣,៥ភាគរយ ហើយ​ការលក់គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា ទូទឹកកក និង​ម៉ាស៊ីន​បោកគក់​បាន​ធ្លាក់​ចុះ១៩ភាគរយ។

សមាគមខាងលើបន្ថែមថា ការ​លក់​ត្រូវ​បាន​ជំរុញគាំទ្រដោយ​សារតម្លៃ​ទំនិញកើនឡើងកាន់​តែ​ខ្ពស់ បើ​ទោះ​បី​ជា​ចំនួន​ទំនិញ​ដែល​បានលក់​ដាច់ នៅ​តែមានកម្រិតទាបយ៉ាងណាក្តី ដោយសារអត្រាអតិផរណាអាចបន្តធ្វើឱ្យប៉ះពាល់ ដល់ការចំណាយផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់។

តួយ៉ាង អតិផរណាអ្នកប្រើប្រាស់ស្នូល នៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលត្រូវបានគេចាត់ទុកជាសូចនាករ ឈានមុខគេនៃនិន្នាការទូទាំងប្រទេស បានកើនឡើងដោយមិននឹកស្មានដល់ នៅក្នុងខែតុលា។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូល របស់ទីក្រុងតូក្យូ (CPI) ដែលមិនរាប់បញ្ចូលអាហារស្រស់ៗ ប៉ុន្តែរាប់បញ្ចូលទាំងថ្លៃប្រេងឥន្ធនៈ បានកើនឡើង២,៧% នៅក្នុងខែតុលា ធៀបនឹងឆ្នាំមុន ពោលគឺលើសការព្យាករណ៍សម្រាប់កំណើន២,៥%របស់ទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here