ដោយៈ តែម សុខុម
ប៉េកាំងៈ ការស្ទាបស្ទង់មួយបង្ហាញថា ចំនួននៃការរឹបអូសអចលនទ្រព្យនៅប្រទេសចិន បានកើនឡើង៣២,៣%ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។
កំណើននៃការរឹបអូសនេះ ដោយសារម្ចាស់ផ្ទះជាប់ផុងក្នុងបំណុល ស្របពេលទីផ្សារអចលនទ្រព្យដាំក្បាលចុះ និងការស្ទុះងើបឡើងនៃសេដ្ឋកិច្ចគ្មានស្ថិរភាព។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែតុលា។
យោងតាមការស្ទាបស្ទង់ របស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យ ដ៏ធំបំផុតមួយរបស់ប្រទេសចិន China Index Academy បានរកឃើញថា ការរឹបអូសអចលនទ្រព្យចន្លោះពីខែមករា ដល់ខែកញ្ញា បានកើនឡើងដល់៥៨៤.០០០យូនីត បើធៀបនឹងចំនួន៤៤១.០០០យូនីត ដែលត្រូវបានរឹបអូស ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការរឹបអូសអចលនទ្រព្យ ប្រភេទលំនៅឋានបានកើនឡើងដល់២៨៤.០០០យូនីត បើធៀបនឹងចំនួន២០៦.០០០យូនីត ដែលត្រូវបានរឹបអូស ក្នុងរយៈពេល៣ត្រីមាសក្នុងឆ្នាំ២០២២ ខណៈអនុបាតនៃប្រតិបត្តិការ ទិញអចលនទ្រព្យបែបនេះ ក្នុងពិធីដាក់ដេញថ្លៃបានធ្លាក់ចុះ៤,៨%មកនៅត្រឹម២៥,៧%។
ទីក្រុងនានាដែលមានចំនួន នៃការរឹបអូសខ្ពស់ គឺស្ថិតក្នុងខេត្តស៊ីឈាន់ (Sichuan)។ សេដ្ឋកិច្ចរបស់ប្រទេសចិន បានរីកចម្រើនលឿនជាងការរំពឹងទុកក្នុងត្រីមាសទី៣ ដែលអាចជួយឱ្យរដ្ឋាភិបាលចិន សម្រេចគោលដៅកំណើនប្រមាណ៥%របស់ខ្លួនក្នុងឆ្នាំ២០២៣។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិយាយថា វិស័យអចលនទ្រព្យចិន ដែលកំពុងជាប់ផុងក្នុងវិបត្តិ នៅតែធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច ស្ថិតក្នុងភាពមិនប្រាកដប្រជា៕ Reuters ៕