ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញគណៈកម្មាធិការជាតិ គ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា បែងចែក និងកំណត់សក្ដានុពលដីនៅតំបន់ឆ្នេរ ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិន ក្នុងការស្វែងរកការវិនិយោគនានា។
លោកបានមានប្រសាសន៍ថា ការរៀបចំ និងបែងចែកដី ដូចជាតំបន់លំនៅឋាន តំបន់លម្ហែ និងតំបន់ពាណិជ្ជកម្មជាដើម គឺបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិន ដែលចូលទៅតំបន់នោះ តួយ៉ាងអ្នកវិនិយោគដែលចូលទៅកាន់តំបន់ឆ្នេរ ហើយចង់វិនិយោគសណ្ឋាគារ គឺមានតំបន់មួយ សម្រាប់ឱ្យគាត់វិនិយោគ ឬអ្នកវិនិយោគចង់វិនិយោគលើបុរី គឺមានតំបន់លំនៅឋាន សម្រាប់ឱ្យវិនិយោគិនពិចារណាក្នុងការបណ្ដាក់ទុនវិនិយោគ ។
ជាមួយគ្នានេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុធ្លាប់បានលើកឡើងថា ការរៀបចំ និងបែងចែកដី ទៅតាមសក្ដានុពលនីមួយៗ គឺពិតជាផ្តល់ភាពងាយស្រួល ដល់អ្នកវិនិយោគមកពីក្រៅប្រទេស និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ។ លោកអភិបាលខេត្តបានបង្ហាញថា បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្ម ក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួល អន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅឋាន ពាណិជ្ចកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ជាដើម ។
លោកបញ្ជាក់ថា “ការគ្រប់គ្រងការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ព្រមទាំងការរៀបចំគោលនយោបាយនានា ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងឧត្តមភាព នវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។ យោងតាមគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាមានឆ្នេរសមុទ្រ លាតសន្ធឹងប្រវែង៤៤០គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។
ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំណោមឆ្នេរខ្សាច់សរុប៤៨កន្លែង មានឆ្នេរខ្សាច់ចំនួន១៦កន្លែង បានចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាត ដោយក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន២ និងខេត្តព្រះសីហនុចំនួន៨។ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ ទទួលជ័យលាភីមានចំនួន១០ឆ្នេរ ។ធនធានសមុទ្រយ៉ាងច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលគេឃើញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុទ្រតូចធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ថ្មីៗជាច្រើន៕