រដ្ឋាភិបាលថៃគ្រោងផ្តល់ប្រាក់កម្ចីដល់ប្រទេសឡាវ ដើម្បីសាងសង់ស្ពានផ្លូវដែកឆ្លងកាត់ទន្លេមេគង្គ

0

ដោយ: គង់ លាងហួរ

វៀងច័ន្ទ: កាសែត Bangkok Post បានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបំពេញទស្សនកិច្ចនៅប្រទេសឡាវ កាលពីថ្ងៃចន្ទ ហើយបានស្នើឱ្យប្រទេសទាំងពីរ សាងសង់ស្ពានផ្លូវដែកថ្មីមួយ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេរភាគីបន្ថែមទៀត។

​លោក Chai Wacharonke អ្នកនាំពាក្យរបស់រដ្ឋាភិបាល​ថៃ បានមានប្រសាសន៍ឱ្យដឹងថា លោក សេដ្ឋា បានស្នើឱ្យប្រទេសទាំងពីរ ធ្វើការកែលម្អការដឹកជញ្ជូន និងពាណិជ្ជកម្មទ្វេរភាគី ហើយប្រែក្លាយប្រទេសឡាវ និងភាគឦសាននៃប្រទេសថៃ ទៅជា “តំបន់រីកចម្រើនរួមគ្នា” ។

គោលបំណងនៃការបង្កើត តំបន់រីកចម្រើនរួមគ្នានេះ គឺដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគី ឱ្យហក់ឡើងដល់១១ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៥។
ក្នុងឱកាសនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឡាវនោះ លោក សេដ្ឋា បាន​ស្នើ​គម្រោងសាងសង់ស្ពាន ​ផ្លូវ​រថភ្លើង​ថ្មី​មួយ ឆ្លង​កាត់ទន្លេ​មេគង្គ ដោយ​ត​ភ្ជាប់​ពីខេត្ត Nong Khai របស់ប្រទេសថៃទៅកាន់ទីក្រុង​វៀងចន្ទន៍ប្រទេសឡាវ។

លោក Chai បានបន្តថា រដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ប្រាក់កម្ចីដល់ប្រទេសឡាវ ដើម្បីផ្តល់មូលនិធិដល់គម្រោងនេះ ខណ:ប្រទេស​ថៃ ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំចូលថាមពល​ស្អាត​បន្ថែម​ទៀត​ ពី​ប្រទេស​ឡាវ ដើម្បី​ជំរុញកំណើន​ឧស្សា​ហកម្មរបស់ខ្លួន។អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ រូបនេះអះអាងទៀតថា ភាគីទាំងពីរ ក៏បានឯកភាពគ្នាជាគោលការណ៍ ក្នុងការកសាងស្ពានមិត្តភាពទី៦ តភ្ជាប់ពីខេត្ត Ubon Ratchathani ទៅកាន់ខេត្ត Salavan ក្នុងប្រទេសឡាវផងដែរ។

លើសពីនេះ លោក សេដ្ឋា ថាវីស៊ីន បានសន្យាថា ប្រទេសថៃនឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីប្រែក្លាយប្រទេសឡាវដែលគ្មានកំពង់ផែសមុទ្រ ទៅជាប្រទេសដែលមានផ្លូវគមនាគ​មន៍​ដឹកជញ្ជូនតភ្ជាប់ទៅកាន់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here