ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅពិភពអារ៉ាប់ ផលិតកម្មប្រេងជាផលិតកម្មដ៏ធំបំផុតមួយនៅលើពិភពលោក និងជាប្រភពផ្គត់ផ្គង់ប្រេងដ៏សំខាន់ ក្នុងនោះក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco គឺជាក្រុមហ៊ុនចម្រាញ់ប្រេងធំលំដាប់ទី១នៅលើពិភពលោក។
តើក្រុមហ៊ុន Saudi Aramco មានប្រវត្តិបែបណា?នៅដើមទសវត្សឆ្នាំ ១៩៣០ ក្រុមហ៊ុនប្រេងអាមេរិក បានចាប់ផ្តើមមកចរចាជាមួយរដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីត ដើម្បីទទួលបានសិទ្ធិរុករកប្រេងនៅក្នុងប្រទេសនេះបន្ទាប់ពីបានរកឃើញអណ្តូងប្រេងនៅប្រទេសបារ៉ែន ដែលជាប្រទេសជិតខាង។
ក្រុមហ៊ុនមួយ បានទទួលសម្បទានពេញលេញពីរដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីតសម្រាប់ការរុករកប្រេងនៅឆ្នាំ ១៩៣៣។ ក្រុមហ៊ុននោះ ដំបូងឡើយមិនមែនមានឈ្មោះថា Aramco នោះទេ លុះរហូតដល់ឆ្នាំ ១៩៤៤ ទើបបានក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ថាជា Aramco។ដោយឡែក ពាក្យថា Aramco នេះ គឺជាអក្សរកាត់របស់ Arabian-American Oil Company ដែលមានន័យថា ក្រុមហ៊ុនប្រេងអាមេរិក-អារ៉ាប់។
អណ្តូងប្រេងដំបូងគេ ដែលក្រុមហ៊ុននេះបានរុករកឃើញ គឺស្ថិតក្នុងតំបន់ Dimam ជិតទីក្រុង Dhahran ស្ថិតនៅភាគខាងកើត នៃប្រទេសនេះហើយបាននាំចេញប្រេងជាលើកដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៣៩។
នៅដើមទសវត្សឆ្នាំ ១៩៤០ ក្រុមហ៊ុនប្រេងអាមេរិកមួយនេះ បានចាប់ផ្តើមប្រែក្លាយបន្តិចម្តងៗទៅជាក្រុមហ៊ុន រដ្ឋវិញ ដោយបានចាប់ផ្តើមពីការប្តូរឈ្មោះក្រុមហ៊ុនរុករងប្រេងទៅជាក្រុមហ៊ុនប្រេង អាមេរិក-អារ៉ាប់វិញ នៅឆ្នាំ ១៩៤៤ ដែលហៅកាត់ថា Aramco។ ខណៈពេលនោះ Aramco បានបន្តការងាររបស់ខ្លួន និងបានពង្រីក វិសាលភាព ពីការរុករក រហូតដល់ការចម្រាញ់ និងទីផ្សារ។ ជាមួយគ្នានេះ Aramco បានចាប់ផ្តើមរកឃើញ អណ្តូងប្រេងថ្មីៗជាច្រើនកន្លែងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃផលិតកម្មប្រេង វាបានក្លាយជាការចាំបាច់សម្រាប់ក្រុមហ៊ុននេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងវិស័យចែកចាយផងដែរ។ ដូច្នេះនៅឆ្នាំ១៩៥០ ក្រុមហ៊ុន Aramco បានសាងសងបំពង់បង្ហូរប្រេងឆ្លងកាត់ពិភពអារ៉ាប់ ទៅកាន់តំបន់អ៊ីរ៉ុប។ បំពង់បង្ហូរប្រេងនេះមានឈ្មោះថា Tabline។ វាមានប្រវែង ១.២១២ គីឡូម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា ជាបំពង់បង្ហូរប្រេងវែងជាងគេលើពិភពលោក។
នៅឆ្នាំ ១៩៥៨ ផលិតកម្មប្រេងឆៅរបស់ក្រុមហ៊ុនអារ៉ាមកូ បានឈានលើសពី១លានបារ៉ែលក្នុងមួយថ្ងៃ។ លុះដល់ឆ្នាំ ១៩៦២ ក្រុមហ៊ុនមួយនេះ ក៏បានសម្រេចសមទ្ធិផលមួយទៀតយ៉ាងសំខាន់ គឺការសម្រេចបាននូវផលិតកម្មប្រេងឆៅចំនួន ៥ពាន់លានបារ៉ែល។គិតត្រឹមឆ្នាំ ១៩៧៣ រដ្ឋាភិបាលអារ៉ាបីសាអ៊ូឌីត បានកាន់កាប់ភាគហ៊ុនចំនួន ២៥% របស់ Aramco និងបានទិញថែមរហូតដល់ ៦០% នៅឆ្នាំបន្ទាប់។
លុះដល់ឆ្នាំ១៩៨០ ទើបរដ្ឋាភិបាលអារ៉ាបិសាអ៊ូឌីត អាចកាន់កាប់ក្រុមហ៊ុនយក្សមួយនេះបានទាំងស្រុង។ មួយឆ្នាំបន្ទាប់ពីក្រុមហ៊ុនមួយនេះបានធ្លាក់ក្នុងដៃរបស់ រដ្ឋទាំងស្រុង ក្រុមហ៊ុនបានវិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ពីក្រុមហ៊ុនផលិត និងនាំចេញប្រេងទៅជាក្រុមហ៊ុនប្រេងចម្រុះ។
Aramco ជាក្រុមហ៊ុនផលិត និងនាំចេញប្រេងឆៅធំលំដាប់ទីមួយលើពិភពលោក។ ក្រុមហ៊ុននេះ អាចផលិតប្រេងបាន១២លានប៉ារ៉ែលក្នុងមួយថ្ងៃ ដែលនេះមានន័យថា១បារ៉ែល ក្នុងចំណោម៨បារ៉ែលផ្សេងទៀត ដែលនាំចេញទៅផ្គត់ផ្គង់លើទីផ្សាររបស់ពិភពលោក គឺជារបស់ក្រុមហ៊ុន Aramco ពោលគឺក្រុមហ៊ុនបានចូលរួម ១២,៥% នៃទិន្នផលប្រេងសរុបរបស់ពិភពលោក។
Aramco មាននាវាដឹកជញ្ជូនប្រេងផ្ទាល់ខ្លួន ទៅកាន់ប្រទេសទាំងអស់នៃពិភពលោក ហើយនាវាទាំងនោះ គឺជានាវាធំលំដាប់ទី២ នាពេលបច្ចុប្បន្ននេះ។លើសពីនេះ Aramco ក៏គ្រប់គ្រងប្រេងបម្រុងចំនួន២៦៥ពាន់លានបារ៉ែល (១៥% នៃធនធានបម្រុងរបស់ពិភពលោក) និងហ្គាស់បម្រុងចំនួន២៨៨ពាន់ពាន់លានហ្វីតគូបផងដែរ។
ក្រុមហ៊ុន Saudi Aramco រកប្រាក់ចំណូលបានប្រហែល៥៣៥,១៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ នេះគឺកើនឡើងពីប្រហែល៣៥៩,១៨ពាន់លានដុល្លារកាលពីឆ្នាំ២០២១។
ក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះមានទ្រព្យសកម្មសរុបចំនួន៦៦៤,៧៨ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២ និងមានបុគ្គលិកប្រមាណ៦៦.៨០០នាក់គិតត្រឹមខែមិថុនា ឆ្នាំ២០២០៕