ដោយៈ គង់ សូរិយា
ភ្នំពេញៈ កម្ពុជា-ចិន ក៏បានឯកភាពគ្នា ផ្តួចផ្តើមនូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។
នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការវាង លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ និងបានឯកភាពគ្នាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព នូវកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា នាពេលកន្លងមក ក្នុងនោះ រួមមាន ទី១ ការដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ទី២ ការបង្កើត “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និងទី៣ ច្រករបៀងមច្ឆានិងអង្ករ” ដែលសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានរដ្ឋចិន Xi Jinping បានឯកភាពគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ភាគីទាំងពីរក៏បានកត់សម្គាល់ ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជាពិសេសឯកឧត្តមប្រធានរដ្ឋចិន Xi Jinping និងលោកនាយករដ្ឋមន្ត្រី Li Chang។ ក្នុងឱកាសទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិនចំនួន២លើក កន្លងមក ថ្មីៗនេះ។
ភាគីទាំងពីរក៏បានឯកភាពគ្នាផ្តួចផ្តើម នូវសកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” នៅឆ្នាំ២០២៤ សំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត៕