ដោយៈ គង់ សូរិយា
ភ្នំពេញៈ រាជរដ្ឋាភិបាលបានប្ដេជ្ញា ក្នុងការលុបបំបាត់ភាពអត់ឃ្លាននៅកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ២០២៥ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន។
គោលនយោបាយទាំងនោះរួមមាន គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាដើម ដោយសំដៅលើកកម្ពស់ផលិតភាព និងធ្វើពិពិធកម្មកសិកម្ម ពង្រឹងសន្តិសុខ និងសុវត្ថិភាពស្បៀង ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានរហ័ស។
ការលើកឡើងឲ្យដឹងបែបនេះ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ថ្លែងក្នុងវេទិកាស្តីពី ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីប្រកាសដាក់ឱ្យអនុវត្តនីតិវិធីរួម សម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជាកាលពីថ្ងៃទី២ វិច្ឆិកា។ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏មានមហិច្ឆតាក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជា ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។
លោកឧបនាយករដ្ឋមន្តី បានបន្តថា កម្មវិធីនាថ្ងៃនេះ គឺជាវេទិកាលើកទី១ ស្តីពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ដូច្នេះការវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសកម្មក្នុងការចូលរួមរៀបចំ នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាំងពីដំបូងរហូតដល់ចប់ជាស្ថាពរ និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មានសារៈសំខាន់ណាស់ ពោលគឺ ជាផែនទីចង្អុលផ្លូវ សម្រាប់ការអនុវត្តការងារ ការសហការនិងការសម្របសម្រួលនានា រវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការ ប.ស.ប.ក., ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យដំណើរការនៃការចាត់ចែង និងប្រើប្រាស់ស្បៀងបម្រុង គ្រាប់ពូជស្រូវ និងបន្លែ របស់ ប.ស.ប.ក. ដែលរាជរដ្ឋាភិបាលបាន “ដាក់ក្នុងពាងរួម” ទុកសម្រាប់ត្រៀមផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវការជំនួយចាំបាច់ក្នុងអំឡុងគ្រោះមហន្តរាយផ្សេងៗ បានប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ចំពោះការបម្រុងស្បៀង សម្រាប់ជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលអាចត្រូវការស្បៀង ជាពិសេសនៅពេលមានគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិកើតឡើង។
ក្នុងន័យនេះ មុនពេលប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈ អនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ រាជរដ្ឋាភិបាលតែងបម្រុងគ្រាប់ពូជស្រូវចំនួន ៣.០០០តោន ជារៀងរាល់ឆ្នាំ ក្រោមការចាត់ចែង និងគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីត្រៀមទុកសម្រាប់ផ្ដល់ជូនប្រជាកសិករ ដែលទទួលរងគ្រោះមហន្តរាយធម្មជាតិ៕