រដ្ឋបាលខេត្តព្រះសីហនុកំពុងដាក់ចេញយុទ្ឋសាស្រ្តអ្វីខ្លះពន្លឿនការដោះស្រាយគម្រោងវិនិយោគអគារជាប់គាំង

0

ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ ខិតខំពន្លឿនការដោះស្រាយគម្រោងវិនិយោគ អគារជាប់គាំងក្នុងខេត្តឱ្យបានឆាប់រហ័ស ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ចនិងធុរកិច្ចឱ្យមានសកម្មភាពឡើងវិញ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសា​សន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា រដ្ឋបាលខេត្តព្រះសីហនុបានសហការក្នុងក្របខណ្ឌ នៃក្រុមការងារដោះស្រាយ គម្រោងវិនិយោគអគារជាប់គាំង ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមកដល់ពេលនេះ រដ្ឋបាលខេត្តកំពុងខិតខំ ពន្លឿនការងារនេះដោយបានកំណត់អត្តសញ្ញាណ គម្រោងអគារជាប់គាំង និងតំបន់មួយចំនួនក្នុងខេត្ត ដើម្បីតម្រង់ទិសអ្នកវិនិយោគឡើងវិញ។លោកបានបញ្ជាក់ថា “សកម្មភាពនេះ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនិងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និង អនាគត”។

លោកបានបន្តថា តាមរយៈនេះរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគ អគារជាប់គាំង ដោយផ្អែកតាមគោលការណ៍២ ដោយទី១ ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់ និង ទី២ ឱ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច ។

លោកបានបន្តទៀតថា វិធានការដោះស្រាយគម្រោងវិនិយោគអគារជាប់គាំង គឺជាវិធានការជាកញ្ចប់ ដែលត្រូវអនុវត្ត ដោយមានការចូល រួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និង មានភាពសកម្ម ដែលត្រូវធ្វើឡើង តាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកឡើងវិញ ។

លោកឡុង ឌីម៉ង់បានបញ្ជាក់ថា “អ៊ីចឹងគម្រោងទាំងអស់នេះដោះស្រាយបាន អាស្រ័យការចូលរួមពីគ្រប់វិស័យទាំងអស់ អ៊ីចឹងវិស័យឯកជន ពិតជាមានសារៈសំខាន់ ទន្ទឹមនឹងម្ចាស់ដីម្ចាស់អគារគាត់ស្រុះស្រួលគ្នា ហើយការកំណត់តម្លៃ ក៏ជាបញ្ហាមួយដែរបើគាត់ដាក់តម្លៃខ្ពស់ វិនិយោគថ្មីក៏គាត់ពិបាកដែរក្នុងការចូលរួម”។

លោកបន្តថា ឥចឹងការរៀបចំជាមូលនិធិ ដែលអាចជឿទុកចិត្តបាន ដើម្បីធ្វើយ៉ាងណាចូលរួមពីវិស័យឯកជន ដែលការងារមួយដែលអាចដោះស្រាយអគារទាំងអស់នឹង។

រាជរដ្ឋាភិបាលកម្ពុជា ផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍ មជ្ឈមណ្ឌ​លសេវាហិរញ្ញវត្ថុ តំបន់ឧស្សាហកម្មជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here