សម្តេចធិបតី ហ៊ុន ម៉ាណែត: ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅថ្ងៃច័ន្ទនេះថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ ដែលជួយជំរុញវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងសារអបអរសាទរខួបលើកទី១នៃការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា “ផ្លូវល្បឿនលឿននេះទទួលបានការកោតសរសើរពីអ្នកដំណើរចំពោះការសន្សំសំចៃពេលវេលា ភាពងាយស្រួល និងសុវត្ថិភាព”។សម្តេចបានមានប្រសាសន៍ឱ្យដឹងថា “ផ្លូវល្បឿនលឿននេះបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយរយៈពេលធ្វើដំណើរមកនៅត្រឹមតែប្រហែល២ម៉ោងប៉ុណ្ណោះ”។

សម្តេចបានបន្តថា ជាមួយនឹងផ្លូវល្បឿនលឿននេះ ប្រជាពលរដ្ឋរីករាយនឹងការធ្វើដំណើរពីភ្នំពេញទៅកាន់កំពង់ផែក្រុងព្រះសីហនុនៅពេលព្រឹក ហើយត្រឡប់មករាជធានីភ្នំពេញវិញនៅពេលល្ងាច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា “លើសពីនេះ ផ្លូវល្បឿនលឿនមិនត្រឹមតែផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលាធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ ដើម្បីបម្រើដល់ការដឹកជញ្ជូន និងការតភ្ជាប់ផងដែរ”។សម្តេចបានលើកឡើងថា ផ្លូវល្បឿនលឿននេះបានតភ្ជាប់ប៉ូលសេដ្ឋកិច្ចទី១ នៃរាជធានីភ្នំពេញ ទៅនឹងប៉ូលសេដ្ឋកិច្ចទី២ នៃក្រុងព្រះសីហនុ ដែលកំពុងត្រូវបានអភិវឌ្ឍទៅជា “តំបន់សេដ្ឋកិច្ចពិសេសពហុបំណងគំរូ”។

សម្តេចបានមានប្រសាសន៍បន្តថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងដ៏សំខាន់មួយ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។សម្តេចអះអាងថា “ការវិនិយោគរបស់ក្រុមហ៊ុនចិន ក្នុងការអភិវឌ្ឍន៍ផ្លូវល្បឿនលឿន បានបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពី BRI និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបដែលមានតម្លៃមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងចិន”។

សម្តេចបានបន្ថែមថា ផ្លូវល្បឿនលឿននេះបានជួយកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here