ដោយៈ ហ្វីអូណា
ស្ទឹងត្រែងៈ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសប្រើប្រាស់បណ្ណព្រំដែន និងបញ្ឈប់ការប្រើបណ្ណឆ្លងដែន( LP )សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ចូលធ្វើដំណើរទេសចរណ៍ និងប្រាស្រ័យទាក់ទង ការងារផ្សេងៗទៀតនៅខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។
យោងតាមសេចក្តីណែនាំរបស់សាលាខេត្តស្តីពី ការជំរុញការប្រើប្រាស់បណ្ណព្រំដែនកម្ពុជា ឡាវ កាលពីថ្ងៃទី៥វិច្ឆិកា លោកញែមវណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា បណ្ណព្រំដែននេះ ប្រជាពលរដ្ឋយើងប្រើបាស់ ចូលទៅប្រទេសឡាវ បានតែក្នុងទឹកដីខេត្តចំនួនពីរតែប៉ុណ្ណោះគឺ (ខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ) តែបើបងប្អូនចង់ទៅទឹកដីឡាវ ខុសពីខេត្តនេះ ត្រូវប្រើប្រាស់លិខិត ឆ្លងដែន(PASSPORT)វិញ ។
លោកបន្តថា “ប្រជាពលរដ្ឋយើងនៅក្នុងខេត្តស្ទឹត្រែង អាចយកអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ មកកាន់ច្រកចេញចូលតែមួយរបស់ខេត្ត និងដាក់ពាក្យ ស្នើសុំនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល សុំបណ្ណព្រំដែននេះបាន ដោយចំណាយថវិកាចំនួន តែ២០.០០០រៀល មានសុពលភាពប្រើប្រាស់បានរយៈពេលមួយឆ្នាំ”។ លោកបន្តថា “ប្រជាពលរដ្ឋ អាចសុំបន្តសុពលភាពចំណាយថវិកាតែ១០.០០០រៀល បន្តការប្រើប្រាស់បានមួយឆ្នាំដូចគ្នា”។
លោក យួន ឌីណា ជំនួយការប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល បានបញ្ជាក់ថា ការផ្លាស់ប្ដូរ ឈប់ប្រើបណ្ណឆ្លងដែន មកប្រើបណ្ណព្រំដែននេះ ក្រុមការងារប្រចាំការច្រកនិងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរខេត្ត និងការណែនាំរបស់ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋយើង។
លោកបន្តថា ការប្រើបណ្ណព្រំដែនមានផលចំណេញ ដល់បងប្អូនប្រជាពលរដ្ឋ ព្រោះក្នុងមួយឆ្នាំ គាត់ចំណាយតែ២ម៉ឺនរៀលតែប៉ុណ្ណោះ ហើយពេលដាច់ឆ្នាំ បន្តសុពលភាពចំណាយតែ១ម៉ឺនរៀល ប្រើប្រាស់បានមួយឆ្នាំទៀត។
នេះជាយន្តការមួយ ដែលរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំនីតិវិធីពង្រឹងប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តស្ទឹងត្រែងមានភូមិសាស្ត្រ ទឹកដីជាប់ព្រំដែន ភូមិផងរបងជាមួយគ្នា(កម្ពុជា ឡាវ) និងបាន បង្កើនទំនាក់ទំនងល្អ ទាំងផ្នែកសន្តិសុខ-សុខាភិបាល និងសេដ្ឋកិច្ចផងដែរ ៕