ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (Malaysia-Cambodia Chamber of Commerce) ។
ជំនួបនេះបានធ្វើឡើង នាព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារ ជាមួយលោក Dato Sri Ricky Yaw ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន EAKON Group និងសមាជិកប្រតិភូមកពីម៉ាឡេស៊ី នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួម ពីលោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ។
គោលបំណងសំខាន់ នៃជំនួបពិភាក្សាការងារនេះ គឺដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីតម្រូវការទីផ្សារ និងណែនាំការផ្គូផ្គងដៃគូសហការក្នុងការវិនិយោគ រវាងវិស័យឯកជនកម្ពុជា និងម៉ាឡេស៊ី។ ភាគីម៉ាឡេស៊ី មានគម្រោងនឹងរៀបចំ ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជនកម្ពុជា និងម៉ាឡេស៊ី ដោយនាំធុរជនកម្ពុជា ទៅទស្សនកិច្ចនៅម៉ាឡេស៊ីក្នុងខែមេសា និងនាំធុរជនម៉ាឡេស៊ីមកទស្សនកិច្ច នៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់ពីវិស័យអាជីវកម្ម និងវិនិយោគដែលអាចសហការគ្នាបាន។
ភាគីកម្ពុជាបានស្វាគមន៍គំនិតផ្តួចផ្តើម និងបេ្តជា្ញជួយសហការក្នុងការងារនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕