ដោយៈ គង់ ហ្វីអូណា
សៀមរាបៈ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប គ្រោងរៀបចំព្រឹត្តិការណ៍ពិព័រណ៍បន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុកប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីជាផ្នែកមួយការលើកកម្ពស់ផលិតផលក្នុងស្រុក និងទាក់ទាញទេសចរផងដែរ។
ប្រធានមន្ទីរពាណិជ្ជកម្ម លោក ភឿន គឹមលី បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចយកសប្ដាហ៍ទី១នៃខែធ្នូ ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍បន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុក។លោកពន្យល់ថា “យើងចង់បានពេលវេលាជាក់លាក់មួយសម្រាប់ឱ្យអតិថិជន ក៏ដូចជាអ្នកនៅក្នុងវិស័យទេសចរណ៍ ជាក់ស្ដែងភ្ញៀវនៅក្នុងអូរតែលក្បែរៗនេះ ពេលយើងធ្វើពិព័រណ៍បែបនេះ គឺគាត់ត្រូវតែមក”។ លោកបន្តថា “យើងចង់ឱ្យព័ត៌មាននេះទៅដល់គាត់ ហើយក៏ចង់ឱ្យអាជីវករទាំងអស់គាត់ចាំថា រៀងរាល់ខែ១២ដើម សប្ដាហ៍ទី១ គឺសៀមរាបនឹងមានព្រឹត្តិការណ៍នេះ”។
ក្នុងផែនការរៀបចំពិធីបើក ពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលជាលើកដំបូងដែលរៀបចំ ដោយមន្ទីរពាណិជ្ជកម្មនារសៀលថ្ងៃទី១០ ខែវិច្ឆិកា លោក គឹមលី លើកឡើងថា ផលិតផលដែលបានដាក់តាំងបង្ហាញ ក្នុងពិព័រណ៍រួមមាន បន្លែ ផ្លែឈើ ចម្លាក់ថ្ម-ឈើ ប្រាក់-ស្ពាន់ សិប្បកម្មតម្បាញសូត្រ អង្ករ ឱសថបូរាណ វត្ថុអនុស្សាវរីយ៍ គ្រាប់ធញ្ញជាតិ គ្រឿងទេស នំ ភេសជ្ជៈ និងផលិតផលកែច្នៃជាច្រើនទៀត។
ផលិតផលទាំងនោះមកពីខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តតាកែវ។ អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន លើកឡើងដែរថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងដាស់ស្មារតី ប្រជាជនកម្ពុជាឲ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។លោកបន្តថា “ដូច្នេះលោកស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ ត្រូវមានស្មារតីជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីឱ្យសេដ្ឋកិច្ចក្នុងប្រទេស មានភាពល្អប្រសើរ”។
ពិព័រណ៍ផលិតផលបន្លែ-ផ្លែឈើ និងផលិតផលក្នុងស្រុកនៅខេត្តសៀមរាប រៀបចំឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់៕