ដោយៈ គង់ សូរិយា
សៀមរាបៈ គណៈប្រតិភូក្រុងស៊ូវុន ប្រទេសកូរ៉េខាងត្បូង បានអញ្ជើញទស្សនកិច្ច គម្រោងអភិវឌ្ឍភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប។
លោកHwang In-Guk អភិបាលរងក្រុងស៊ូវ៉ុន បានដឹកនាំគណៈប្រតិភូក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉ ចំនួន៦៩នាក់ ដែលមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប និងបានទៅទស្សនកិច្ចគម្រោងអភិវឌ្ឍភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ដោយលោកបានដាក់បញ្ជូលភូមិនេះ ជាសង្កាត់ទី៤៥ ជាសង្កាត់ប្អូនពៅ របស់ក្រុងស៊ូវ៉ុន ដើម្បីទទួលបានគម្រោងអភិវឌ្ឍបន្ត ដោយផ្តោតលើវិស័យអប់រំ បរិស្ថាន និងសុខាភិបាល។
ដំណើរទស្សនកិច្ចនេះកាលពីចុងចចុងសប្តាហ៍មុន មានការទទួលស្វាគមន៍ ពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងរបស់ លោកប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត។
លោក Hwang In-Guk អភិបាលរងក្រុងស៊ូវ៉ុនបានមានប្រសាសន៍ឲ្យដឹងថា ភូមិភ្នំក្រោម-ស៊ូវ៉ុន ដែលទទួលបាន គម្រោងអភិវឌ្ឍចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ដោយបានកែប្រែមុខមាត់ភូមិមួយនេះជាបន្តបន្ទាប់។
លោកស្រី អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ ពិសេសលោក អភិបាលរងក្រុងស៊ូវ៉ុនដែលបានកៀងគរសម្បុរសជន និងប្រជាជនកូរ៉េ ដើម្បីកថវិកា ក៏ដូចជាសម្ភារៈឧបត្ដម្ភផ្តល់មកប្រជាជនខ្មែរសម្រាប់ប្រើប្រាស់ផងដែរ។ជាមួយគ្នានេះ គណៈប្រតិភូទាំងអស់ នឹងធ្វើពិធីចែកអំណោយមានដូចជា ផ្ទះ សម្ភារសិក្សា កង់ អង្គរ នាឡិកា សម្ភារកីឡា បរិក្ខាពេទ្យ និងកាបូប ឯកសណ្ឋានសិស្សជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅភូមិភ្នំក្រោម-ស៊ូវ៉ុន ចំនួន១០០០នាក់ ដែលមានការចូលរួមពី លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងគណៈប្រតិភូទាំងអស់ ទីតាំង នៅក្នុងវិទ្យាល័យភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕