ដោយៈ តែម សុខុម
ហុងកុងៈ មហាយក្សចិន បានចាប់ផ្ដើមដាក់ឱ្យដំណើរការសេវាអ៊ីនធឺណេត ល្បឿនលឿនបំផុតរបស់ពិភពលោក ដែលអាចបញ្ជូនខ្សែភាពយន្ត១៥០រឿង បានដោយប្រើពេលត្រឹមតែ១វិនាទី។
គម្រោងអ៊ីនធឺណិតល្បឿនលឿនជំនាន់ថ្មី ដែលត្រូវបានអភិវឌ្ឍដោយជោគជ័យ លឿនជាងការព្យាករណ៍ របស់ក្រុមអ្នកជំនាញ២ឆ្នាំនេះ មានល្បឿនលឿនជាង១០ដង បើធៀបនឹងបណ្ដាញអ៊ីនធឺណេតដែលមានស្រាប់ និងលឿនជាងអ៊ីនធឺណេត របស់សហរដ្ឋអាមេរិក ដល់ទៅ៣ដង។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា។
គម្រោងអ៊ីនធឺណេតជំនាន់ថ្មីនេះ មានសមត្ថភាពបញ្ជូនទិន្នន័យដែលមានទំហំដល់ទៅ១,២តេរ៉ាបៃ (Terabyte) ក្នុងមួយវិនាទីរវាងក្រុងប៉េកាំង នៅភាគខាងជើង និងក្រុងវូហាន (Wuhan) នៅភាគកណ្ដាល និងក្រុងគ័ងចូវ (Guangzhou) ក្នុងខេត្តភាគខាងត្បូងគ័ងតុង ឬ ក្វាងទុង (Guangdong)។
គម្រោងបណ្ដាញខ្សែកាបអុបទិច ដែលលាតសន្ធឹងប្រវែង៣.០០០គីឡូម៉ែត្រនេះ ត្រូវបានដំណើរការកាលពីខែកក្កដា ដើមឆ្នាំនេះ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា បន្ទាប់ពីដំណើរការរលូនគួរឱ្យទុកចិត្តបាន និងបានឆ្លងផុតរាល់ដំណាក់កាលធ្វើតេស្តសាកល្បង។
សមិទ្ធផលដែលសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការរវាងសកលវិទ្យាល័យ Tsinghua University ក្រុមហ៊ុន China Mobile ក្រុមហ៊ុន Huawei Technologies និងក្រុមហ៊ុន Cernet Corporation នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ក្រុមអ្នកជំនាញដែលបានព្យាករណ៍ថា ល្បឿនអ៊ីនធឺណេត ដែលមានសមត្ថភាពបញ្ជូនទិន្នន័យទំហំ១តេរ៉ាបៃ (Terabyte) នឹងមិនអាចសម្រេចបានមុនឆ្នាំ២០២៥ នោះឡើយ៕ South China Morning Post ៕