ដោយៈ តែម សុខុម
ហាណូយៈ ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងប្រទេសវៀតណាម បានជាប់ផុងក្នុងបំណុលគរដូចភ្នំ ដែលពេលនេះមានទំហំដល់ទៅ៣ដង បើធៀបនឹងដើមទុនរបស់ក្រុមហ៊ុនទាំងនោះ។
តួយ៉ាង Vinaconex ដែលជាក្រុមហ៊ុនសាងសង់ អគារអាផាតម៉ិន និងស្ពានជំពាក់បំណុល ចំនួន៨២០,២៨លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ដែលច្រើនជាដើមទុនរបស់ខ្លួនទ្វេរដង។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា។
ក្រុមហ៊ុននេះត្រូវបង់ការប្រាក់ ប្រមាណ៩៨.៥០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃគិតត្រឹមខែកញ្ញា ឆ្នាំនេះ។ ក្រុមហ៊ុន Construction Corporation No. 1 ដែលសាងសង់រោងចក្រថាមពលអគ្គិសនី និងរោងចក្រជំពាក់បំណុលប្រមាណ៤៤០លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែកញ្ញា ដែលជិតស្មើ៣ដងបើធៀបនឹងដើមទុនរបស់ខ្លួន។ក្រុមហ៊ុន Tascon បានជំពាក់បំណុលកាន់តែច្រើនឡើង ដោយបំណុលរបស់ខ្លួន បានកើនឡើង៧៩%ក្នុងឆ្នាំនេះ ឈានដល់ប្រមាណ៥៥០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនDeo Ca Group បានរាយការណ៍ថា បំណុលរបស់ខ្លួនមានទំហំ១,១៤ពាន់លានដុល្លារអាមេរិក។
ទោះជាយ៉ាងណា មួយចំនួនធំនៃក្រុមហ៊ុនទាំងនេះ កំពុងព្យាយាមធ្វើអ្វីដែលខ្លួនឯងធ្វើបាន ដើម្បីកាត់បន្ថយកម្រិតបំណុលរបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុន Construction Corporation No. 1 បាននិយាយកាលពីខែសីហា ថា ខ្លួននឹងទូទាត់សងថ្លៃសញ្ញាប័ណ្ណប្រមាណ១០៩លានដុល្លារអាមេរិក ដែលដល់ពេលត្រូវទូទាត់ក្នុងឆ្នាំនេះ។
អំឡុងខែដដែលនេះ ក្រុមហ៊ុន Deo Ca Group បានបោះផ្សាយភាគហ៊ុនលក់ឱ្យទៅម្ចាស់ភាគហ៊ុន ដែលមានស្រាប់ដើម្បីប្រមូលដើមទុនឱ្យបាន ប្រមាណ៣៤លានដុល្លារអាមេរិក ដើម្បីយកទៅទូទាត់សងបំណុល។ ទន្ទឹមនេះ ក្រុមហ៊ុន Ho Chi Minh City Infrastructure Investment កំពុងមានគម្រោងបោះ ផ្សាយសញ្ញាប័ណ្ណប្រមាណ២៨៧លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយបំណុលរបស់ខ្លួន៕VN Express៕