ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ ដល់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចែកជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។
សម្តេចធិបតី ថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធប្រើប្រាស់ជាផ្លូវការស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១” កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបានឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពិនិត្យមើលតំបន់Zoningផង បានន័យថា តំបន់ណាដែលអភិវឌ្ឍន៍ថ្មីជាពិសេស បើតំបន់នោះជាផ្ទះរស់នៅ សូមកុំបើកអាជីវកម្ម ដែលមានការប៉ះពាល់រំខាន”។ សម្តេចបន្តថា “តំបន់ណាធ្វើអាជីវកម្ម សម្រាប់តែធ្វើអាជីវកម្ម។ តំបន់បៃតង នៅក្នុងហ្នឹងគួរមានប៉ុន្មានភាគរយ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ក្រុងភ្នំពេញយើងធំ ប៉ុន្តែធំមិនទាន់អស់សក្តានុពលទេ នៅរីកទៀត ស្រូបទាំងចំនួនមនុស្ស និងដី”។
សម្តេចធិបតី មានប្រជាពលរដ្ឋជាច្រើនសុខចិត្តទិញផ្ទះ នៅក្នុងបុរី ដែលមានតម្លៃថ្លៃ ព្រោះផ្ទះនោះមានលក្ខណៈងាយស្រួល ក្នុងការរស់នៅ ដូចជា មានផ្លូវធំ តំបន់រស់នៅបៃតង និងតំបន់អាជីវកម្ម ដែលនៅដាច់ពីគ្នា។
សម្តេចធិបតី ក៏ចង់ឲ្យការអភិវឌ្ឍថ្មី និងការពង្រីកតំបន់រាជធានីភ្នំពេញ ត្រូវគិតគូរពីបញ្ហានេះ ដោយមិនត្រូវឲ្យតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ឡូកឡំនឹងតំបន់អាជីវកម្មនោះទេ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា នៅពេលប្រជាពលរដ្ឋមានជីវភាពធូរធា អ្វីដែលពួកគាត់គិតជាចម្បង គឺការស់នៅងាយស្រួល និងផាសុកភាព៕