សណ្ឋាគារ PituRooms ជាប់ឈ្មោះជាសណ្ឋាគារមានរាងស្ដើងបំផុតរបស់ពិភពលោក

0

តែម សុខុម

ហ្សាការតាៈ គម្រោងសណ្ឋាគារថ្មីមួយដែលមានឈ្មោះថា PituRooms កំពុងស្វះស្វែងដណ្ដើមជើងឯកកំណត់ត្រាឯតទគ្គកម្មជា “សណ្ឋាគារមានរាងស្ដើងបំផុតក្នុងពិភពលោក”។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា។

ម្ចាស់ និងជាអ្នកបង្កើតសណ្ឋាគារនេះដោយផ្ទាល់និយាយថា គម្រោងសណ្ឋាគារនេះមិនត្រឹមតែមានគោលដៅដណ្ដើមជើងឯកកំណត់ត្រាឯតទគ្គកម្មពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលដៅទាក់ទាញឱ្យអន្តរជាតិងាកមកចាប់អារម្មណ៍ និងស្គាល់ទីក្រុងតូច Salatiga ដែលជាស្រុកកំណើតរបស់គាត់ផងដែរ។លោក Ary Indra បានធំដឹងក្ដីនៅក្នុងទីក្រុង Salatiga ខេត្តជ្វាកណ្ដាល (Central Java) ប្រទេសឥណ្ឌូនេស៊ី។បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងចូលប្រឡូកក្នុងការងារជាស្ថាបត្យករនៅក្នុងរដ្ឋធានីហ្សាការតា និងប្រទេសសិង្ហបុរី អស់រយៈពេលជាច្រើនឆ្នាំ គាត់ក៏បានសម្រេចចិត្តវិលត្រលប់មកកាន់ទីក្រុង Salatiga ដែលជាស្រុកកំណើតរបស់គាត់វិញ ហើយបានប្រើប្រាស់ចំណេះជំនាញរបស់គាត់ដើម្បីចិញ្ចឹមជីវិតនៅទីនោះ។

នៅទីនោះ គាត់បានប្រទះឃើញដីមួយឡូត៍ទំនេរចោលដែលគ្មានអ្នកណាចង់យកទៅអភិវឌ្ឍដោយសារវាមានទំហំតូចពេក និងមានទ្រង់ទ្រាយមិនទំនង។ទីបំផុត គាត់ក៏បានសម្រេចចិត្តទិញដីនោះដើម្បីសាងសង់សណ្ឋាគារ PituRooms ដែលពេលនេះបានទទួលភ្ញៀវចូលមកស្នាក់នៅហូរហែមិនដាច់។

Pitu ជាភាសាជ្វា មានន័យថា ៧ ហើយ Room ជាភាសាអង់គ្លេស មានន័យថា បន្ទប់ ដូចនេះ PituRooms មានន័យថា “សណ្ឋាគារ៧បន្ទប់”។ សណ្ឋាគារនេះមាន៧បន្ទប់គេង ហើយអគារទាំងមូលមានទំហំទទឹងតូចត្រឹមតែ២,៨ម៉ែត្រប៉ុណ្ណោះ។

សណ្ឋាគារនេះមានកម្ពស់៥ជាន់ ហើយបន្ទប់នីមួយៗមានទំហំធំគ្រប់គ្រាន់សម្រាប់ដាក់គ្រែគេងគ្នា២នាក់ និងបន្ទប់ទឹកតូចដែលមានក្បាលផ្កាឈូក និងបង្គន់។ បន្ទប់នីមួយៗមានការរចនា និងការដេគ័រប្លែកៗខុសពីគ្នាគួរជាទីចាប់អារម្មណ៍៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here