ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមប្រតិភូអ្នកធុរកិច្ចបារាំង បានស្វែងរកឱកាស និងកាលានុវត្តន៍ភាព ក្នុងការវិនិយោគនៅកម្ពុជានាពេលខាងមុខ។
លោកសួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៥ វិច្ឆិកា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដែលបាននិងកំពុងធ្វើទស្សនកិច្ច ស្វែងយល់ពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ការពិភាក្សាបានផ្តោតលើលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគលើការផលិត និងបម្រើសេវាកម្មច្នៃប្រឌិត (Creative Services) ក្នុងវិស័យសិល្បៈ ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។ វិនិយោគិនបារាំង មានបំណងនាំយកនូវគំរូវិនិយោគតាមរូបភាពជាការវិនិយោគ ដែលជះឥទ្ធិពល (Impact investment) ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលពួកគាត់បានអនុវត្តន៍ ដោយជោគជ័យនៅសហគមន៍អឺរ៉ុបជាង៣០ឆ្នាំកន្លងមកនេះ មកអនុវត្តន៍នៅកម្ពុជា។
លោក ហ្គីឡោម ប្លង់ជន (Guilaume Planchon) បានសម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរុញច្រាននាវាកម្ពុជា ឱ្យសម្រេចបាននូវការអភិវឌ្ឍគ្រប់វិស័យ។
លោក មានបំណងចូលរួមផ្សព្វផ្សាយ ពីកិត្យានុភាពកម្ពុជា តាមរយៈការរៀបចំពិព័រណ៌សិល្បៈសហសម័យ នៅកម្ពុជាក្នុងឆ្នាំ ២០២៥ ដើម្បីបង្ហាញពិភពលោក ពីលទ្ធផលនៃការវិនិយោគផ្ទាល់ លើវិស័យសេវាច្នៃប្រឌិតនៅកម្ពុជា៕